(អាមេរិក)៖ យានស្រាវជ្រាវភពអង្គារ Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រទះឃើញបរិមាណរ៉ែជាប្រភេទដីឥដ្ឋ ក្នុងចំនួនច្រើនបំផុតពុំធ្លាប់មានឡើយ គិតចាប់តាំងតែពីវាបានចុះទៅដល់ភពអង្គារ (Mars) កាលពីខែសីហា ឆ្នាំ២០១២។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

កន្លែងដែលយាន Curiosity បានរកឃើញរ៉ែដីឥដ្ឋក្នុងបរិមាណយ៉ាងច្រើនបែបនេះ គឺក្នុងតំបន់ដែលសម្បូរទៅដោយដីឥដ្ឋនៅក្បែរភ្នំ Sharp ជាទីដែលយានរបស់អង្គការ NASA កំពុងធ្វើការរុករកមើលឲ្យឃើញថា តើវាធ្លាប់មានលក្ខខណ្ឌអំណោយផល អាចទ្រទ្រង់ជីវិតបានដែរ ឬអត់កាលពីរាប់រយរាប់ពាន់លានឆ្នាំមុន ខណៈដីឥដ្ឋជារឿយៗ​កកើតឡើងនៅក្នុងទឹក ដែលជាវត្ថុធាតុចាំបាច់បំផុតសម្រាប់ជីវិត ។

គួរជម្រាបថា យាន Curiosity គឺជាយានរុករក (Rover) តែមួយគត់របស់ NASA ដែលនៅតែអាចបន្តធ្វើប្រតិបត្តិការនៅលើភពអង្គារ ហើយវាគឺជាឧបករណ៍ដែលបង្កើត​ឡើងដោយមនុស្ស ដែលអាចធ្វើការចល័ត ខួង គាស់កាយ និងវិភាគគំរូតាងដែលវាបានរកឃើញនៅលើផ្ទៃភពអង្គារផ្ទាល់តែម្តង។ របកគំហើញថ្មីនេះ គឺជាចំណុចវិជ្ជមានមួយទៀត បន្ថែមពីលើការរកឃើញឧស្ម័នមេតានយ៉ាងច្រើន ដែលសុទ្ធសឹងតែជារឿងដែលយើង​មិនធ្លាប់បានជួបប្រទះនោះឡើយ៕