(វ៉ាស៊ីនតោន)៖ គ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់កងទ័ពអាកាសអាមេរិក អូមេហ្គា (OmegA) ដែលនឹងត្រូវប្រើដើម្បីបញ្ជូនផ្កាយរណបទៅកាន់ទីអវកាសនោះ ត្រូវបានបញ្ឆេះដើម្បីធ្វើតេស្តហើយនៅវេលាម៉ោង ១៖០៥នាទីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ណតស្រប ហ្គ្រាំមែន (Northrop Grumman) ដែលជាអ្នកអភិវឌ្ឍន៍រ៉ុក្កែតនេះ ការធ្វើតេស្តខាងលើបានជួយរក្សាឲ្យតារាងពេលវេលា នៃដំណើរការអភិវឌ្ឍន៍ OmegA ឥតមានភាពប្រែប្រួល ប៉ុន្តែក្នុងការធ្វើតេស្តនោះ គេបានរកឃើញភាពមិនប្រក្រតីខ្លះ ទៅលើស្ថានភាពនៃចំហេះក្នុងវិនាទីចុងក្រោយរបស់រ៉ុក្កែត ហេតុដូច្នេះវាត្រូវបានចាត់ទុកថា មិនទាន់ទទួលបានជោគជ័យ​ពេញលេញឡើយ។ គ្រាប់រ៉ុក្កែតនេះត្រូវបានគេកំណត់ថា នឹងធ្វើការសាកល្បងបាញ់បង្ហោះ​ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១។

គួរជម្រាបថា កាលពីខែតុលា ឆ្នាំ២០១៨ កងទ័ពអាកាសអាមេរិក បានសម្រេចផ្តល់កិច្ចសន្យាតម្លៃ ៧៩២លានដុល្លារដល់ក្រុមហ៊ុន Northrop Grumman ដើម្បីរចនា និងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត OmegA ដែលនឹងត្រូវប្រើសម្រាប់ការនាំយក​ផ្កាយរណបយោធា ឡើងទៅទីអវកាសនៅឆ្នាំ២០២២ ដែលជាការបោះជំហានទៅរក​ការបង្កើតកងទ័ពអវកាសអាមេរិក ដែលអាចនឹងមិនចំណុះឲ្យ​កងទ័ពអាកាសនោះឡើយ៕