(សេអ៊ូល)៖ ប្រភពព័ត៌មានពីមន្ត្រីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានឲ្យដឹងថា របបដឹកនាំ​កូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីកំពូលៗ និងបណ្តេញមន្ត្រីមួយចំនួនទៀតពីតំណែង ដែលពួកគេសុទ្ធតែទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ និងការរៀបចំជំនួប​កំពូល ត្រាំ-គីម ជាលើកទីពីរនៅទីក្រុងហាណូយ នៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានអាមេរិក New York Times នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

តាមរបាយការណ៍ពីកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មន្ត្រីទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ​ដែលជាប្រេសិតកំពូលកូរ៉េខាងជើង បានបញ្ជូនទៅអាមេរិកគឺលោក គីម យ៉ុកចុល (Kim Hyok Chol) ត្រូវបានកូរ៉េខាងជើងប្រហារជីវិត ដោយការបាញ់នឹងកាំភ្លើង នៅឯមូលដ្ឋានទ័ពអាកាស មីរីម (Mirim) ស្ថិតនៅជាយរដ្ឋធានីព្យុងយ៉ាងតែម្តង។ បើតាមប្រភពមិនបញ្ជាក់អត្តសញ្ញាណ លោក គីម ទំនងជាត្រូវបានកូរ៉េខាងជើងចោទថា បានគុបគិតជាមួយទីក្រុងវ៉ាស៊ីនតោន ក្បត់នឹងប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលជាហេតុធ្វើឲ្យអាមេរិកមានប្រៀបជាង និងកិច្ចប្រជុំកំពូលលើកទីពីរនៅវៀតណាម ត្រូវទទួលបរាជ័យទាំងតក់ក្រហលកាលពីខែកុម្ភៈ កន្លងទៅនេះ។

គួរបញ្ជាក់ថា មិនត្រឹមតែលោក Kim Hyok Chol នោះទេដែលត្រូវបានប្រហារជីវិត ដោយមន្ត្រីមកពីក្រសួងការបរទេសកូរ៉េខាងជើង ០៤រូបទៀតក៏ត្រូវបានប្រហារជីវិតផងដែរ។ តែយ៉ាងណាក៏ដោយ នៅកូរ៉េខាងជើងវិញគឺអ្នកតាមដានពុំទាន់ឃើញសារព័ត៌មានរដ្ឋ ចុះផ្សាយអំពីរឿង​ដែលបានកើតមានឡើង តាំងតែពីអំឡុងខែមីនា ឆ្នាំ២០១៩នេះឡើយ ហើយក្រុមស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងវិញ ទើបតែបានទម្លាយរឿងនេះចេញមក នៅចុងខែឧសភានេះប៉ុណ្ណោះ៕