(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកអាចនឹងដំឡើងពន្ធរហូតដល់ ៦៣ភាគរយ ទៅលើផលិតផលខ្សែអាលុយមីញ៉ូមមួយចំនួន ដែលនាំចូលពីប្រទេសចិន ក្រោយការបញ្ចេញលទ្ធផលស៊ើបអង្កេតមួយ ដោយក្រសួងពាណិជ្ជកម្មអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានស្នើឲ្យមានការយកពន្ធចន្លោះពី ៥៨.៥១ភាគរយ ទៅ ៦៣.៤៧ភាគរយ លើផលិតផលខ្សែអាលុយមីញ៉ូម ​ដែលនាំចូលពីប្រទេសចិន ក្រោយលទ្ធផលបឋមនៃការស៊ើបអង្កេត លើផ្នែកពាណិជ្ជកម្មរបស់ខ្លួនបានរកឃើញថា ផលិតផលទាំងនេះត្រូវបានចិន «លក់ក្នុងតម្លៃថោកខ្លាំងពេក» ដែលប៉ះពាល់ដល់ក្រុមហ៊ុន​ក្នុងស្រុករបស់អាមេរិក។ យោងតាម របាយការណ៍របស់​ក្រសួងពាណិជ្ជកម្មអាមេរិក ការនាំចូលផលិតផល​ខ្សែអាលុយមីញ៉ូមចិន មកកាន់សហរដ្ឋអាមេរិក​មានទំហំជាង ១៥៧លានដុល្លារកាលពីឆ្នាំ២០១៧។

គួរជម្រាបថា ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងមក រដ្ឋាភិបាលរបស់លោកបានបើកការស៊ើបអង្កេតចំនួន ១៦៨ករណី ពាក់ព័ន្ធរបៀបធ្វើពាណិជ្ជកម្មដោយគ្មានតម្លាភាព នៃដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕