(ម៉ិចស៊ីកូ)៖ ប្រទេសម៉ិចស៊ីកូបានសន្យាថា នឹងធ្វើការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក​ប្រកបដោយថាមពលបំផុត ជុំវិញការប្រកាសយកពន្ធ ៥% ទៅលើគ្រប់មុខទំនិញរបស់​ម៉ិចស៊ីកូចូលទៅកាន់ទឹកដីអាមេរិក ដែលត្រូវបានប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ ដោយដកស្រង់សេចក្តីថ្លែងការណ៍ពី​អនុរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូលោក ចេស៊ូស សៀដ (Jesus Seade)។

លោក ចេស៊ូស សៀដ បានលើកឡើងនៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធីយ៉ាងដូច្នេះថា «វាប្រាកដនឹងក្លាយជាក្តីអន្តរាយមួយ បើសិនជាលោក ដូណាល់ ត្រាំ អនុវត្តន៍ការដំឡើងពន្ធ ដោយយើងបញ្ហាជនអន្តោប្រវេសន៍... ហេតុដូច្នេះហើយទើបប្រទេសមីស៊ីកូ​សម្រេចថា នឹងមិនអាចនៅស្ងៀមទៀតឡើយចំពោះបញ្ហាទាំងនោះ រហូតដល់ថ្ងៃទី១០ ខែមិថុនា...។ ប៉ុន្តែប្រសិនបើវាកើតឡើងពិតមែននោះ យើងនឹងធ្វើការឆ្លើយតបមួយ​ប្រកបដោយភាពខ្លាំងក្លាបំផុត...»។ មន្ត្រីជាន់ខ្ពស់របស់ម៉ិចស៊ីកូ បានហៅ​សេចក្តីសម្រេច​របស់លោក ត្រាំ នោះថាជាការ «ស្រោចគំនិតសង្គ្រាមត្រជាក់»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងអនុវត្តន៍ការយកពន្ធ ៥% ទៅលើទំនិញគ្រប់មុខទាំងអស់ ដែលនាំចូលមកពីម៉ិចស៊ីកូ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនាខាងមុខ រហូតទាល់តែបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ នៅព្រំដែននៃប្រទេសទាំងពីរត្រូវបានបញ្ឈប់។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក ត្រាំ បានបញ្ជាក់ថា អត្រានៃការយកពន្ធនឹងឡើងដល់ ១០ភាគរយ នៅថ្ងៃទី០១ ខែកក្កដា, ដល់១៥ភាគរយ នៅថ្ងៃទី០១ ខែសីហា, ដល់ ២០ភាគរយ នៅថ្ងៃទី០១ ខែកញ្ញា, និងដល់២៥ភាគរយ នៅថ្ងៃទី០១ ខែតុលា។

លោកប្រធានាធិបតីអាមេរិកបានលើកឡើងទៀតថា នេះជាចំណាត់ការឆ្លើយតបចំពោះ​ភាពអសកម្មរបស់ម៉ិចស៊ីកូ ដែលបានបើកដៃឲ្យមានលំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិព្រមទាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ បញ្ហាអន្តោប្រវេសន៍នេះ ក៏ជាមូលហេតុដែលជំរុញឲ្យលោក ដូណាល់ ត្រាំ កសាងជញ្ជាំងព្រំដែនដ៏រឹងមាំមួយ នៅព្រំប្រទល់អាមេរិក-ម៉ិចស៊ីកូផងដែរ៕