(រីយ៉ាដ)៖ ស្តេចអារ៉ាប៊ីសាអូឌីត ព្រះចៅ សាលម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់សូដ (Salman bin Abdulaziz Al Saud) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានព្រមានថា កម្មវិធីនុយ ក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ នឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ព្រមទាំងពិភពលោកទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

ព្រះចៅ Salman បានមានព្រះរាជបន្ទូលបែបនេះក្នុងកំឡុងកិច្ចប្រជុំវិសមញ្ញមួយ នៃក្រុមប្រឹក្សាប្រទេសតំបន់ឈូងសមុទ្រនៅឯទីក្រុង មេកខា (Mecca) របស់អារ៉ាប៊ីសាអូឌីត ហើយទ្រង់បានបន្ថែមទៀតថា សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ បានបង្កការគំរាមកំហែងជាខ្លាំងដល់ ការធ្វើពាណិជ្ជកម្មអន្តរជាតិតាមដែនសមុទ្រ និងការផ្គត់ផ្គង់ប្រេងនៅជុំវិញពិភពលោក ដោយរំលោភលើសន្ធិសញ្ញារបស់ អង្គការសហប្រជាជាតិ។

ព្រះចៅ Salman បានសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីតចង់បានតែសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះ ហើយទ្រង់បានអំពាវនាវឲ្យមានការបន្តបើកកិច្ចប្រជុំ រវាងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលប្រសើរបំផុតសម្រាប់បន្ថយភាពតានតឹងក្នុងតំបន់៕