(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បាន ប្រកាសថា សហរដ្ឋអាមេរិកនឹងអនុវត្តន៍ការយកពន្ធ០៥ភាគរយ ទៅលើទំនិញគ្រប់មុខទាំងអស់ ដែលនាំចូលមកពីម៉ិចស៊ីកូ ដោយ ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ខាងមុខ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ នៅព្រំដែននៃប្រទេសទាំងពីរ ត្រូវបានបញ្ឈប់ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានប្រកាសថា ការយកពន្ធនេះទៀតសោតនឹងត្រូវដំឡើងបន្តិចម្តងៗ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុស ច្បាប់ត្រូវបានដោះស្រាយ ទើបពេលនោះចំណាត់ការយកពន្ធ អាចត្រូវដកចេញពីទំនិញម៉ិចស៊ីកូវិញ។ បើតាមសេចក្តីថ្លែងការណ៍ របស់សេតវិមាន លោក ត្រាំ បានបញ្ជាក់ថា អត្រានៃការយកពន្ធនឹងឡើងដល់១០ភាគរយ នៅថ្ងៃទី០១ ខែកក្កដា, ដល់១៥ភាគរយ នៅថ្ងៃទី០១ ខែសីហា, ដល់២០ភាគរយ នៅថ្ងៃទី០១ ខែកញ្ញា, និងដល់២៥ភាគរយ នៅថ្ងៃទី០១ ខែតុលា។

លោកប្រធានាធិបតីអាមេរិក បានលើកឡើងទៀតថា ភាពអសកម្មរបស់ម៉ិចស៊ីកូ ដែលបើកដៃឲ្យមានលំហូរចូលជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិព្រមទាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ បញ្ហាអន្តោប្រវេសន៍នេះ ហើយ ក៏ជាមូលហេតុដែលជំរុញឲ្យលោក ដូណាល់ ត្រាំ កសាងជញ្ជាំងព្រំដែនដ៏រឹងមាំមួយ នៅព្រំប្រទល់អាមេរិក-ម៉ិចស៊ីកូ៕