(ប៉េកាំង)៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមម៉ោងនៅទីក្រុងប៉េកាំង លោកស្រី Liu Xin ពិធីការិនីនៃស្ថានីយទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើកិច្ចសន្ទនាឆ្លងទ្វីបជាមួយលោកស្រី Trish Regan ពិធីការិនីនៃប៉ុស្តិ៍ទូរទស្សន៍ពាណិជ្ជកម្ម Fox របស់ប្រទេសអាមេរិក អំពីប្រធានបទទាក់ទិនទៅនឹងជម្លោះរវាងចិន និងអាមេរិក លើកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍរបស់ប្រទេសចិនជាដើម។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅអាមេរិក លោកស្រី Trish Regan បានចោទសួរអំពីការយល់ឃើញរបស់លោកស្រី Liu Xin អំពីការចរចាផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក លោកស្រី Liu Xin បានឆ្លើយតបថា លោកស្រីយល់ឃើញថា រដ្ឋាភិបាលចិនបានបង្ហាញពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់រួចហើយ។ លោកស្រី Liu Xin បានបន្តថ្លែងថា បើសិនជាអាមេរិកមានស្មោះត្រង់ ហើយគោរពតំណាងចរចារបស់ភាគីចិន នោះជឿជាក់ថា នឹងទទួលបានលទ្ធផលល្អ សង្គ្រាមពាណិជ្ជកម្មគ្មានប្រយោជន៍អី្វដល់ភាគីទាំងពីរចិន និងអាមេរិកនោះឡើយ។ ទាក់ទិននឹងបញ្ហាពន្ធគយ លោកស្រី Liu Xin បានថ្លែងថា ការបញ្ចុះពន្ធគយអាចឲ្យអ្នកប្រើប្រាស់នៃប្រទេសទាំងពីរចិន និងអាមេរិក រកទិញបានផលិតផលរបស់គូភាគីក្នុងតម្លៃកាន់តែថោក។

ពេលបញ្ចប់កិច្ចសន្ទនាឆ្លងទ្វីប លោកស្រី Liu Xin ក៏បានអញ្ជើញលោកស្រី Trish Regan ឲ្យទៅទស្សនកិច្ចនៅប្រទេសចិន៕