(វ៉ាស៊ីនតោន)៖ រុស្ស៊ីបានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ សហរដ្ឋអាមេរិកដែលថា ទីក្រុងម៉ូស្គូបាន និងកំពុងរំលោភបំពានលើបម្រាមធ្វើតេស្ដ អាវុធនុយក្លេអ៊ែរកម្រិតទាប នៅឯតំបន់មហាសមុទ្រទឹកកកអាក់ទិច (Arctic)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។

ប្រតិកម្មរបស់ទីក្រុងម៉ូស្គូ កើតមានឡើងបន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក លោកឧត្តមសេនីយ៍ រ៉ូប៊ឺត អាហ៍ឡេយ (Robert Ashley) បានអះអាងថា រុស្ស៊ីទំនងជាបានធ្វើតេស្ដអាវុធជាច្រើន ជាពិសេសគឺអាវុធនុយក្លេអ៊ែរកម្រិតទាប នៅឯកោះ ណូវ៉ាយ៉ា ហ្សេមលីយ៉ា (Novaya Zemlya) ក្នុងគោលបំណងបង្កើនសមត្ថភាព អាវុធនុយក្លេអ៊ែរសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ។

លោក Ashley ធ្វើការកត់សម្គាល់បែបនេះ ដោយចង់សំដៅលើកិច្ចព្រមព្រៀង ហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ CTBT ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីសុទ្ធតែជាប្រទេសហត្ថលេខី។ ប៉ុន្តែជាការឆ្លើយតប អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក អាណាតូលី អានតូនូវ (Anatoly Antonov) បានទាត់ចោលការប្រកាន់នេះដោយបញ្ជាក់ថា ការលើកឡើងរបស់សហរដ្ឋអាមេរិក គឺជាផែនការមួយរៀបចំឡើងបានយ៉ាងល្អ ដើម្បីវាយប្រហារមិនមែនតែទៅលើរុស្ស៊ីនោះទេ ប៉ុន្តែគឺប្រឆាំងនឹងការគ្រប់គ្រងអាវុធ និងយុទ្ធសាស្ត្រសេ្ថរភាពរបស់ពិភពលោកតែម្ដង។

គួររំលឹកថា ប្រទេសរុស្ស៊ីដែលបានផ្ដល់សច្ចាប័នដល់សន្ធិសញ្ញា CTBT កាលពីឆ្នាំ២០០៨ បានអះអាងថា ខ្លួនបានគោរពយ៉ាងខ្ជាប់ខ្ជួនតាមសន្ធិសញ្ញានេះ ខណៈសហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញានេះដែរ តែមិនទាន់ផ្ដល់សច្ចាប័ននៅឡើយទេ៕