(ហុងកុង)៖ ទីក្រុងស្វយ័តហុងកុងរបស់ប្រទេសចិន បាននច្រានចោលការព្រមានរបស់សហរដ្ឋអាមេរិកដែលថា ហុងកុងអាចប្រឈមមុខការពិន័យ ប្រសិនបើមានជាប់ពាក់ព័ន្ធជាមួយ កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលគេសង្ស័យថា បានបំពានទណ្ឌកម្មអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។

រដ្ឋបាលទីក្រុងហុងកុងបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានធ្វើការអនុវត្តន៍យ៉ាងតឹងរ៉ឹងបំផុត តាមសេចក្តីសម្រេចទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិដែលពុំមានដាក់កំហិតក្នុងទម្រង់ណាមួយ ទៅលើប្រេងនាំចេញរបស់អ៊ីរ៉ង់ឡើយ។ សេចក្តីថ្លែងការណ៍បានបន្តយ៉ាងដូច្នេះ «ប្រទេសខ្លះប្រហែលជាបានដាក់ទណ្ឌកម្ម ជាលក្ខណៈឯកតោភាគីលើប្រទេសដទៃ តាមការយល់ឃើញរបស់ពួកគេ ប៉ុន្តែទណ្ឌកម្មប្រភេទនោះ មិនស្ថិតក្រោមវិសាលភាពនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគោរពអនុវត្តន៍ តាមដោយហុងកុងទេ»

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានចេញមុខព្រមានហុងកុង ដោយសារការសង្ស័យថា ទីក្រុងស្វយ័តនេះអាចមានទំនាក់ទំនងរកស៊ីជាមួយកប៉ាល់មួយគ្រឿងឈ្មោះ ប៉ាស៊ីហ្វិច ប្រាវ៉ូ (Pacific Bravo) ដែលទំនងជាមានរួមពាក់ព័ន្ធនឹងផែនការផ្ទេរប្រេង ពីកប៉ាល់ទៅកប៉ាល់របស់ប្រទេសអ៊ីរ៉ង់ ដើម្បីគេចវេសពីទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងប្រេងរបស់ខ្លួន៕