(តេហេរ៉ង់)៖ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោកឧត្ដមសេនីយ ហូស្សេន សាឡាមី (Hossein Salami) បាននិយាយថា បច្ចុប្បន្នទីក្រុងតេហេរ៉ង់ លែងព្រួយបារម្ភចំពោះវត្តមាន នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកទៀតហើយ ពីព្រោះអ៊ីរ៉ង់មានអាវុធ ដែលអាចបង្រ្កាបនាវាចម្បាំងនេះបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកនៅថ្ងៃពុធសប្ដាហ៍នេះ លោក Salami បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សេណារីយ៉ូនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក វាបានបញ្ចប់ហើយសម្រាប់យើង... ដ្បិតឥឡូវយើងមិនមែនដូចមុន ពោលគឺយើងមានថាមពល និងមានអាវុធទំនើបៗមានទាំងមីស៊ីលបាលីស្ទីគ ដែលអាច កម្ចាត់រាល់សេណារីយ៉ូទាំងអស់របស់សត្រូវ»។

គួរជម្រាបថា ក្រៅតែបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក និងកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង សហរដ្ឋអាមេរិកក៏បានប្រកាសពីគម្រោងបញ្ជូនកងទ័ពអាមេរិក ១,៥០០នាក់ទៅកាន់តំបន់មជ្ឈិមបព៌ាផងដែរ ដើម្បីទប់ទល់នឹងអ៊ីរ៉ង់។

ប៉ុន្តែគួរឱ្យកត់សម្គាល់ក្រោយភាពតានតឹងនេះផ្ទុះឡើង ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងត្រៀមប្រកាសពីអាសន្នមួយ សំដៅលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត ខណៈអ្នកជំនាញខ្លះយល់ថា វត្តមានយោធាអាមេរិកគ្រាន់តែ ជាសង្រ្គាមចិត្តសាស្ត្រមួយប៉ុណ្ណោះ៕