(តៃប៉ិ)៖ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ MediaTek Inc នាថ្ងៃពុធនេះ បានបញ្ចេញបន្ទះឈីបស៊េរីថ្មីសម្រាប់បច្ចេកវិទ្យា 5G ដើម្បីធ្វើការ ប្រកួតប្រជែងជាមួយក្រុមហ៊ុនបន្ទះឈីប លំដាប់កំពូលរបស់អាមេរិក Qualcomm Inc។ នេះបើតាមការស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នា២០១៩។

ក្រុមហ៊ុន MediaTek ត្រូវបានគេស្គាល់ភាគច្រើន តាមរយៈការផលិតបន្ទះឈីប សម្រាប់បំពាក់ក្នុង Speaker តូចៗ និងឈីបដែលបំពាក់ក្នុងទូរស័ព្ទ Android ធម្មតាៗ។ រីឯ Qualcomm ក៏មានបន្ទះឈីបស៊េរីមុនៗ បំពាក់នៅក្នុងស្មាតហ្វូនតម្លៃទាបៗទាំងនោះដែរ ក៏ប៉ុន្តែក្រុមហ៊ុនបន្ទះឈីបនេះ គឺមានភាពល្បីល្បាញខ្លាំង តាមរយៈការផ្គត់ផ្គង់ឈីបគុណភាពខ្ពស់ ឲ្យស្មាតហ្វូន Android ប្រភេទលំដាប់ខ្ពស់ៗរួមមាន Samsung's Galaxy និង Note ព្រមទាំង Google's Pixel និងស្មាតហ្វូនចិនល្បីៗជាច្រើនទៀត។

ដោយឡែកជាមួយការបញ្ចេញបន្ទះឈីប 5G ថ្មីខាងលើ ក្រុមហ៊ុន MediaTek ក៏ទំនងជាមានគោលដៅលើស្មាតហ្វូនខ្លាំងៗ ដែល កំពុងស្ថិតក្រោមការផ្តត់ផ្គង់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដែរ ក៏ប៉ុន្តែ Qualcomm ហាក់នៅតែមានប្រៀបជាងឆ្ងាយ ព្រោះក្រុមហ៊ុនអាមេរិកនេះទើបតែបានបញ្ចេញបន្ទះឈីប 5G ជំនាន់ទីពីរបស់ខ្លួន សម្រាប់បំពាក់លើស្មាតហ្វូនកាលពីខែកុម្ភៈ ប៉ុណ្ណោះ។

ក្រៅពីក្រុមហ៊ុនធំៗទាំងពីរខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សចិន Huawei និងក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏សុទ្ធតែកំពុងអភិវឌ្ឍន៍បន្ទះឈីប ត្រៀមសម្រាប់ទ្រទ្រង់បច្ចេកវិទ្យា 5G ដើម្បីផ្តត់ផ្គង់ដល់ស្មាតហ្វូនរបស់ពួកខ្លួនផងដែរ៕