(សិង្ហបុរី)៖ មជ្ឈមណ្ឌលនៃភាពប្រកួតប្រជែងសកល IMD (IMD World Competitiveness Centre) មានមូលដ្ឋាននៅក្នុងប្រទេសស្វីស នៅថ្ងៃពុធនេះបានចេញផ្សាយនូវរបាយការណ៍មួយ ដោយបង្ហាញថា សិង្ហបុរីបានឡើងទៅឈរលេខរៀងទី ១ ក្នុងនាមជាប្រទេសដែលមាន «ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេបំផុតប្រចាំឆ្នាំ២០១៩ នៅលើពិភពលោក» ក្នុងចំណោមប្រទេសខ្លាំងៗចំនួន ៦៣។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ខាងលើដដែល នេះគឺជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១០ ដែលសិង្ហបុរីបានជាប់ចំណាប់ថ្នាក់លេខ ១ ម្តងទៀត ក្នុងនាមជាប្រទេសមានការប្រកួតប្រជែង ខ្លាំងជាងគេបំផុតដោយផ្អែកលើបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប កម្មករជំនាញ ច្បាប់អន្តោប្រវេសន៍ល្អ និងកម្មវិធីបង្កើតអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងតែជាកម្លាំងចលករ ក្នុងការបង្កើនសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសដីកោះដ៏តូចនេះ ប្រកបដោយសក្តានុពលជាងបណ្តាប្រទេសនានា។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់មជ្ឈមណ្ឌល IMD World Competitiveness Centre ទីក្រុងហុងកុងនៃប្រទេសចិន បានធ្លាក់មកឈរនៅលេខទី ២ វិញ ខណៈសហរដ្ឋអាមេរិកជាប់លេខ ៣ ក្នុងនាមជាប្រទេសមានការប្រកួតប្រជែង សេដ្ឋកិច្ចខ្លាំងជាងគេបំផុត នៅក្នុងចំណោមប្រទេសប្រកបដោយសក្តានុពលខ្ពស់បំផុតចំនួន ៦៣ លើពិភពលោក៕