(ម៉ានីល)៖ ច្បាប់ថ្មីមួយនៅប្រទេសហ្វីលីពីន បានតម្រូវឲ្យសិស្ស និងនិស្សិតទាំងអស់ ដែលត្រូវបញ្ចប់ការសិក្សា ធ្វើការដាំដើមឈើក្នុងម្នាក់ៗយ៉ាងហោចណាស់ ១០ដើម មុនពេលពួកគេអាចបញ្ចប់ការសិក្សាជាផ្លូវការបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

ខណៈក្នុងមួយឆ្នាំៗនៅហ្វីលីពីន ជាទូទៅមានសិស្សបឋមសិក្សាជាង ១២លាននាក់ និងសិស្សវិទ្យាល័យជិត ០៥លាននាក់ រួមទាំងនិស្សិតក្បែរខ្ទង់ ៥០០,០០០នាក់ ត្រូវបញ្ចប់ការសិក្សា ច្បាប់ថ្មីនេះប្រសិនបើត្រូវយកទៅអនុវត្តន៍ដោយត្រឹមត្រូវ និងគោរពតាមយ៉ាងខ្ជាប់ខ្ជួននឹងអាចធានាបានថា កូនឈើថ្មីយ៉ាងតិច ១៧៥លានដើម នឹងត្រូវបានដាំជារៀងរាល់ឆ្នាំ ហើយគិតអំឡុងមួយជំនាន់វិញនោះ គឺមិនតិចជាង ៥២៥ពាន់លានដើមឡើយ។

គួរជម្រាបថា មុនការចេញច្បាប់ខាងលើ ការដាំដើមឈើនៅពេលបញ្ចប់ការសិក្សា គឺគ្រាន់តែជាទំនៀមទម្លាប់មួយប៉ុណ្ណោះ នៅក្នុងប្រជាជាតិអាស៊ានមួយនេះ ដែលស្ថិតក្នុងចំណោមប្រទេស ដែលបាត់បង់ព្រៃឈើច្រើនបំផុតមួយនៅលើពិភពលោក។ ការបណ្តុះឲ្យដាំដើមឈើនេះ គ៏អាចយុទ្ធសាស្រ្តមួយ ដើម្បីទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុសកលផងដែរ ខណៈហ្វីលីពីនគឺជាប្រទេស​ដែលមានកោះច្រើនរាប់ពាន់ និងតែងរងគ្រោះពីព្យុះកំណាចសាហាវៗជារៀងរាល់ឆ្នាំ៕