(វីយែន)៖ អធិការបតីអូទ្រីស លោក Sebastian Kurz បានចុះចេញពីតំណែងជាផ្លូវការហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីសភាបោះឆ្នោតមិនផ្ដល់សេចក្ដីទុកចិត្ត ដល់រដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក។ ប៉ុន្តែលោកត្រូវបានគេរំពឹងថា អាចនឹងត្រឡប់មកកាន់អំណាចវិញសាជាថ្មី នៅក្នុងការបោះឆ្នោតសកលនៅខែកញ្ញា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

ទន្ទឹមគ្នានឹងការរបូតអំណាចរបស់លោក Kurz នេះដែរ ប្រធានាធិបតីអូទ្រីស លោក អេឡិចហ្សានដឺ វែនដឺ ប៊ែលឡេន ( Alexander Van der Bellen) បានសម្រេចចិត្តតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ហាតវីក ឡឺជើ (Hartwig Loeger) ជាអធិការបតីអូទ្រីសចាំផ្ទះ ហើយក៏បានអំពាវនាវផងដែរឱ្យរដ្ឋមន្ត្រីទាំងអស់លើកលែងលោក Kurz ចេញ នៅបន្តកាន់មុខតំណែងជាធម្មតាដដែល រហូតដល់ការបោះឆ្នោតសភានៅខែកញ្ញាខាងមុខនេះ។

តែទោះជាយ៉ាងនេះក្ដី លោក Sebastian Kurz ដែលទើបតែមានអាយុ ៣២ឆ្នាំ ត្រូវបានគេរំពឹងថា អាចនឹងត្រឡប់មកកាន់អំណាចវិញសាជាថ្មី ខណៈលោកនៅតែកាន់តំណែងជាប្រធានបក្ស People’s Party ដែលជាបក្សទទួលបាន សំឡេងគាំទ្រខ្លាំងនៅក្នុងការបោះឆ្នោតកន្លងមក។

គួរបញ្ជាក់ថា រដ្ឋាភិបាលចម្រុះរបស់លោក Sebastian Kurz បានរលំរលាយ ក្រោយការបែកធ្លាយវីដេអូរឿងអាស្រូវ របស់អតីតអនុអធិការបតីអូទ្រីស លោក ហេនស៍គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache) ពាក់ព័ន្ធនឹងការស្នើសុំជំនួយ គាំទ្រពីរុស្ស៊ីជាមួយស្រ្តីម្នាក់ ជាថ្នូរនឹងការផ្ដល់កិច្ចសន្យារដ្ឋនានា ខណៈមជ្ឈដ្ឋានខ្លះគិតថានេះគឺជាទង្វើក្បត់ជាតិ។ តែលោក Strache បានបដិសេធយ៉ាងខ្លីថា លោកមិនបានប្រព្រឹត្តបទឧសក្រិដ្ឋណាមួយនោះទេ រីឯគណបក្ស ប្រឆាំងរបស់លោកបានចោទប្រកាន់ថា លោក Kurz ទៅវិញទេគឺជាអ្នកដែលទទួលខុសត្រូវ ចំពោះការបែកធ្លាយវីដេអូនោះ៕