(តៃប៉ិ)៖ រដ្ឋាភិបាលចិនបានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង សម្រាប់ការលូកដៃចូលក្នុងកិច្ចការតៃវ៉ាន់ ជាមួយការព្រមានឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ កាត់ផ្ដាច់រាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដែល ចិនចាត់ទុកថាគ្រាន់តែខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានគូសបញ្ជាក់ដូច្នេះថា៖«ទីក្រុងប៉េកាំង ពិតជាមានការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះជំនួបរវាង មន្ត្រីជាន់ខ្ពស់អាមេរិក និងកោះតៃវ៉ាន់...ដូច្នេះយើងអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់រាល់ជំនួបជាមួយមន្ត្រី តៃវ៉ាន់ ឬបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់»

គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិនកើតមានឡើងបន្ទាប់ពី ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton នៅក្នុងខែឧសភានេះ បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិតៃវ៉ាន់ លោក David Lee។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ទីក្រុងតៃប៉ិ ក៏បានប្រកាសដែរពីការប្ដូរឈ្មោះស្ថានទូតរបស់ខ្លួនប្រចាំ សហរដ្ឋអាមេរិក ដែលនេះបានបង្កឱ្យចិនខឹងសម្បារជាខ្លំាង៕