(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅកំឡុងការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រ៉ុក្កែតរុស្ស៊ី Soyuz បានត្រូវរន្ទះបាញ់ ក៏ប៉ុន្តែទីភ្នាក់ងារអវកាសរុស្ស៊ីបានបញ្ជាក់ថា សំណាងល្អវាពុំបានបង្កឲ្យមានបញ្ហាអ្វីឡើយ៕

២៖ ចិនបានសម្រេចឈប់ទិញប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសលែងបន្តផ្តល់ការអនុគ្រោះ ដែលធ្លាប់បានអនុញ្ញាតឲ្យប្រទេសធំៗមួយចំនួន នៅតែអាចនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ដោយពុំជាប់ទណ្ឌកម្មរបស់អាមេរិក៕

៣៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានឱ្យដឹងថាចំនួនមនុស្សស្លាប់ក្នុងជម្លោះ រវាង ក្រុមអ្នកទោសជាបងធំនៅក្នុងពន្ធនាគារ ស្ថិតនៅឯភាគខាងជើងនៃប្រទេសបានកើនដល់ ៥៧នាក់ហើយ ក្រោយអ្នកយាមពន្ធនាគាររក ឃើញសាកសពអ្នកទោសបន្ថែមទៀត នៅក្នុងពន្ធនាគារកើតហេតុចំនួន ០៤ផ្សេងគ្នា៕

៤៖ ក្រុមប្រឹក្សាអឺរ៉ុបបានបង្ហាញគោលជំហរមិនទទួលយកដាច់ខាត ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានដែលថា ការនាំចូលរថយន្តពីអឺរ៉ុប បង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក៕

៥៖ រដ្ឋាភិបាលចិនបានបញ្ជាក់ជាថ្មីឡើងវិញថា រាល់កិច្ចចរចាពាណិជ្ជកម្ម ជាមួយនិងសហរដ្ឋអាមេរិក គឺត្រូវតែ ធ្វើឡើងដោយឈរលើមូលដ្ឋាន «គោរពគ្នាទៅវិញទៅមក និងស្មើភាព» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់ចរចាជាមួយចិន ចំពោះស្ថានការណ៍កាន់តែក្តៅគគុក៕

៦៖ នៅទីបំផុត យោធាជប៉ុនបានរកឃើញស្លាប និងម៉ាស៊ីនបែកបាក់មួយរបស់យន្ដហោះចម្បាំងបំបាំងកាយ អាមេរិក F-35A មួយគ្រឿង ដែលបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៃឈូងសមុទ្រខេត្ត Aomori ស្ថិតនៅលើកោះ Honshu ភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ៕