(បាកដាដ)៖ បុរសជាជនជាតិបារាំង០៤នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ដោយតុលាការមួយនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពី​ត្រូវ​បានរក​ឃើញថា មានទោសពីបទចូលជាសមាជិកនៃក្រុមភេរវករ ISIS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នា​ល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

បុរសជាជនជាតិបារាំងទាំង០៤នាក់រួមមានឈ្មោះ Kevin Gonot, Leonard Lopez, Salim Machou, និង Mustapha Merzoughi ដោយ Gonot, Lopez, និង Machou ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយជន Merzoughi ត្រូវបានផ្តន្ទាទោស​នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ពួកគេទាំង០៤ ស្ថិតក្នុងចំណោមជនជាតិបារាំងទាំងសរុបចំនួន១២នាក់ ត្រូវបានចាប់ខ្លួននៅស៊ីរី ហើយប្រគល់បន្តមកឲ្យអ៊ីរ៉ាក់ ខណៈអ្នកទាំងនេះ គឺជាក្រុមជនសង្ស័យជាពួក ISIS ដំបូងគេ មកពីបារាំង ដែលនឹងត្រូវកាត់ទោស​ប្រហារជីវិត។

គួរជម្រាបថា មូលហេតុដែលក្រុមជនសង្ស័យជាភេរវករ ISIS ត្រូវបានប្រគល់ឲ្យតុលាការអ៊ីរ៉ាក់កាត់ទោស គឺដោយសារតែប្រទេស​អ៊ីរ៉ាក់បាន​ស្នើទទួលយកសមាជិកភេរវករទាំងអស់ ដែលក្រុមអ្នកប្រយុទ្ធប្រជាធិបតេយ្យស៊ីរីចាប់ខ្លួនបាន នៅក្នុងប្រទេសស៊ីរី មក​ធ្វើការ​កាត់ទោស៕