(គូឡាឡាំពួរ)៖ ម៉ាឡេស៊ីនឹងបញ្ជូនសំរាមប្លាស្ទិចប្រមាណ៣,០០០តោន ត្រឡប់ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់សំរាមទាំង​នេះវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

អ្នកនាង Yeo Bee Yin រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ី បាននិយាយថា សំរាមសរុបចំនួន៦០កុងតឺណឺ ឬស្មើនឹង៣,០០០តោន ដែលបាន​ដឹកមកផ្លុងចោលដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រភពដើមវិញ ហើយអ្នកនាងក៏បានបន្ថែម​ថា អ្នកដែលទទួលយកសំរាមទាំងនេះចូលមក ក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិយ៉ាងដូច្នោះ ដោយសុខចិត្ត​ទទួលយកសំរាមពីបរទេស មកបង្គរចោលនៅក្នុងប្រទេសរបស់ខ្លួន។

យ៉ាងណាមិញ រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីរូបនេះ ពុំទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនក្នុងស្រុកចំនួនប៉ុន្មាន មានជាប់ពាក់ព័ន្ធបញ្ហា​នាំចូលសំរាមដោយខុសច្បាប់នេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត កំពុងតែប្រព្រឹត្តទៅ ក៏ប៉ុន្តែអ្នកនាង Yeo បាន​បញ្ជាក់ថា ជនដែលប្រព្រឹត្តទៅល្មើសទាំងអស់ នឹងត្រូវទទួលទោសតាមច្បាប់។

គួរជម្រាបថា បញ្ហាសំរាមក៏កំពុងកើតមានរវាងហ្វីលីពីន និងកាណាដាផងដែរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ឲ្យរដ្ឋាភិបាលរបស់លោក ជួលក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដើម្បីដឹកសំរាម៦៩កុងតឺណឺ ត្រឡប់ទៅកាន់​កាណាដាវិញ ហើយទុកចោលនៅក្នុងដែនទឹករបស់កាណាដាតែម្តង ប្រសិនបើពួកគេមិនព្រមទទួលយក៕