(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងជម្លោះរវាង ក្រុមអ្នកទោសជាបងធំនៅក្នុងពន្ធនាគារ ស្ថិតនៅឯភាគខាងជើងនៃប្រទេសបានកើនដល់ ៥៧នាក់ហើយ ក្រោយអ្នកយាមពន្ធនាគាររក ឃើញសាកសពអ្នកទោសបន្ថែមទៀត នៅក្នុងពន្ធនាគារកើតហេតុចំនួន ០៤ផ្សេងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

ជម្លោះរវាងក្រុមអ្នកទោសជាបងធំបានបណ្ដាលឱ្យមនុស្ស ១៥នាក់ស្លាប់កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅពន្ធនាគារ អានីស៊ីយ៉ូ ហ្សូប៊ីម (Anisio Jobim) ស្ថិតនៅក្នុងទីក្រុង ម៉ាណូស (Manaus) នៃរដ្ឋ អាម៉ាហ្សូណាស់ (Amazonas)។ អ្នកទោសទាំងនេះភាគច្រើនស្លាប់ដោយសារការរឹតក និងខ្លះទៀតត្រូវគេចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃតែម្តង កំឡុងជម្លោះរវាងក្រុមបងធំក្នុងពន្ធនាគារ​ទាំងប៉ុន្មានខាងលើនេះ។

ដោយឡែកនៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ឆ្មាំពន្ធនាគារប្រេស៊ីល ក៏បានឱ្យដឹងដែរថា ពួកគេបានរកឃើញសាកសពអ្នកទោស ៤២នាក់បន្ថែមទៀត នៅក្នុងពន្ធនាគចំនួន ០៤ផ្សេងពីគ្នាក្នុងទីក្រុង Manaus ខណៈអាជ្ញាធរគ្រប់គ្រង ស្ថានការណ៍ឡើងវិញ ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នកទោសណាម្នាក់រត់រួចខ្លួន ឬឆ្មាំពន្ធនាគាររងរបួសនោះដែរ៕