(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានបញ្ជាក់ជាថ្មីឡើងវិញថា រាល់កិច្ចចរចាពាណិជ្ជកម្ម​ជាមួយនិងសហរដ្ឋអាមេរិក គឺត្រូវតែ ធ្វើឡើងដោយឈរលើមូលដ្ឋាន «គោរពគ្នាទៅវិញទៅមក និងស្មើភាព» បន្ទាប់ពីប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់ចរចាជាមួយចិន ចំពោះស្ថានការណ៍កាន់តែក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិននៅតែជឿជាក់ថា រាល់ការខ្វែងគំនិតគ្នាជាមួយសហរដ្ឋអាមេរិក គួរតែត្រូវបានដោះស្រាយ​តាមកិច្ចចរចាប្រកបមិត្តភាព និងការពិគ្រោះយោបល់ ដោយឈរលើមូលដ្ឋាន​គោរពគ្នាទៅវិញទៅមក និងស្មើភាព»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក លូ កាង ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា វាមានឱកាសដ៏ល្អក្នុងការស្វែងរកកិច្ចព្រមព្រៀងជាមួយចិន ខណៈមហាអំណាចសេសដ្ឋកិច្ចទាំង ២ កំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នា។ ជម្លោះពាណិជ្ជកម្ម​រវាងចិន និងអាមេរិកបានឈានដល់ការកត់ឈ្មោះក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅ​ពាណិជ្ជកម្មអាមេរិក ហើយក៏បង្ខំឲ្យក្រុមហ៊ុនអាមេរិកនានាដូចជា Google, Microsoft, Qualcomm និងក្រុមហ៊ុននៅប្រទេសសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ផ្អាកទំនាក់ទំនងរកស៊ី​ជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សចិននេះទៀតផង។

ការធ្វើទុក្ខបុកម្នេញរបស់សហរដ្ឋអាមេរិក តាមរយៈការចាត់ទុក Huawei ជាការគំរាមកំហែង​សន្តិសុខជាតិអាមេរិក និងការកៀរគរសម្ព័ន្ធមិត្តខ្លួន ឲ្យបញ្ឈប់សកម្មភាពពាណិជ្ជកម្មជាមួយ Huawei ត្រូវបានអ្នកវិភាគអន្តរជាតិមើលឃើញថា ជាចេតនាបង្អាក់សន្ទុះនៃការរីកចំរើន​ដ៏ខ្លាំងក្លារបស់ Huawei ទៅវិញទេ ខណៈការចោទប្រកាន់នេះ គឺត្រូវបានធ្វើឡើងដោយអាមេរិកតែម្នាក់ឯង ព្រោះបណ្តាប្រទេសផ្សេងៗទៀត​ដែលទទួលសេវាទូរគមនាគមន៍ពី Huawei ពួកគេមិនបានរកឃើញថា ផលិតផលរបស់ Huawei មានភាពមិនប្រក្រតីនោះឡើយ ជាពិសេសដូចអ្វីដែលបានសរសេរ នៅក្នុងរបាយការណ៍​ពិនិត្យពិច្ច័យរបស់អឺរ៉ុប ដែលបានចេញផ្សាយកាលពីអំឡុងពាក់កណ្តាលខែឧសភា នោះឯង៕