(តូក្យូ)៖ ក្នុងថ្ងៃចុងក្រោយនៅប្រទេសជប៉ុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមបញ្ចប់ទស្សនកិច្ចរយៈពេល ០៤ថ្ងៃរបស់លោក ដើម្បីវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

កំឡុងនៃដំណើរទស្សនកិច្ចខាងលើ លោក ដូណាល់ ត្រាំ បានក្លាយជាមេដឹកនាំពិភពលោកដំបូង ដែលបានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) ដែលទើបឡើងគ្រងរាជសម្បត្តិថ្មីថ្មោង។ ជាមួយគ្នានេះលោក ត្រាំ ក៏បានជួបពិភាក្សាទ្វេភាគីជុំវិញបញ្ហាជាច្រើន ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ផងដែរ។ នាថ្ងៃអង្គារនេះលោក ដូណាល់ ត្រាំ បានលាព្រះចៅអធិរាជជប៉ុន មុនចាកចេញពីទីក្រុងតូក្យូ ហើយឡើងយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក យ៉ូកូស៊ូកា (Yokosuka) របស់អាមេរិក។

គួរជម្រាបថា បន្ទាប់ពីនោះលោក ត្រាំ នឹងបន្តដំណើរវិលត្រឡប់មកវ៉ាស៊ីនតោនវិញ ដោយត្រូវឈប់ចាក់សាំងយន្តហោះ Air Force One នៅមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋ អាឡាស្កា (Alaska)។ នៅក្នុងដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា ជាការបង្ហាញអំពីការរឹតចំណងសម្ព័ន្ធភាពរវាងអាមេរិក និងជប៉ុនដ៏រឹងមាំ ប៉ុន្តែអ្វីដែលជប៉ុនចង់បាន ពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះគឺការដោះស្រាយ ឱនភាពពាណិជ្ជកម្ម ហើយលោក ត្រាំ ក៏បានសន្យាលើករឿងនេះទៅដោះស្រាយខែសីហា៕