(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទនេះថាជប៉ុនមានគម្រោងទិញយន្ដហោះ ចម្បាំងបំបាំងកាយ F-35 ចំនួន១០៥គ្រឿង បន្ទាប់ពីលោកធ្លាប់បានស្នើជាច្រើនលើកឱ្យទីក្រុងតូក្យូទិញបរិក្ខា យោធាបន្ថែម ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕

២៖ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បាននិយាយថាការបោះបង់ចោលការធ្វើតេស្ដ មីស៊ីល គឺមានន័យស្មើនឹងការបោះបង់ចោលសិទ្ធិស្វ័យការពារខ្លួន៕

៣៖ សហរដ្ឋអាមេរិកគ្មានបំណងព្យាយាមផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ឡើយ បើទោះបីជាប្រទេស ទាំងពីរកំពុងមាន ភាពតានតឹងខ្លាំងជាមួយគ្នាក្តី។ នេះបើតាមសម្តីរបស់ លោក ដូណាល់ ត្រាំ៕

 

៤៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ បានវាយប្រហារលើភាគខាងជើង ប្រទេសប៉េរូនៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកខាងត្បូង) ដែលបាន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់របួស៕

៥៖ ប្រធាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុតដែល បានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) ដែលទើបបានឡើងគ្រងរាជ្យថ្មីៗ កាលពីដើម ខែឧសភា ខណៈប្រទេសទាំងពីរនៅមានបញ្ហាពាណិជ្ជកម្ម និងការផ្តាស់ប្តូរមូលដ្ឋានទ័ពជាដើមដែលត្រូវ ព្យាយាមដោះស្រាយរួមគ្នា៕

៦៖ លោក រិន ចេងហ្វី (Ren Zhengfei) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ ចិន Huawei Technologies បានលើកឡើងថា ទីក្រុងប៉េកាំងទំនងនឹងមិនចាត់វិធានការទៅធ្វើបាប ក្រុមហ៊ុន បច្ចេកវិទ្យាកំពូលរបស់អាមេរិក Apple Inc ដើម្បីជាការសងសឹកឲ្យ Huawei ដែលត្រូវកត់ចូលក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ ហើយបើទោះបីជាចិនចេញចំណាត់ការបែបនេះក្តីគឺលោកនឹងមិន គាំទ្រនោះទេ៕