(អាមេរិក)៖ ខ្យល់ព្យុះ Tornado បានបង្កការបំផ្លិចបំផ្លាញនៅទីក្រុងចំនួន០២ ក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) របស់អាមេរិក កាលពី​ចុងសប្តាហ៍កន្លងទៅនេះ និងបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់២៩នាក់ ទទួលរងរបួស។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា​ ឆ្នាំ២០១៩។

កាលពីយប់ថ្ងៃសៅរ៍ (ពេលវេលានៅរដ្ឋអូក្លាហូម៉ា) ខ្យល់ព្យុះ Tornado មួយដំបូង បានកើតមាននៅឯទីក្រុង El Reno ហើយមនុស្ស​ដែលស្លាប់និងរងរបួស គឺបង្កឡើងដោយ​សារខ្យល់ព្យុះនេះ ខណៈព្យុះកួចមួយទៀត បានវាយលុកវាយក្រុង Tulsa ដែលស្ថិតនៅ​ចម្ងាយ​ជិត២០០គីឡូម៉ែត្រពីគ្នា ក៏ប៉ុន្តែវាពុំបាន​បង្កឲ្យមានមនុស្សជួបគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ គ្រាន់តែអគារ និងលំនៅឋានមួយចំនួនរងការខូចខាត និង​មានដើមឈើក៏ដូចជាបង្គោលភ្លើងដួលរលំ។

គួរជម្រាបថា បើតាមអាជ្ញាធរអាមេរិក ខ្យល់ព្យុះ Tornado ខាងលើ មានកម្លាំងខ្យល់ចន្លោះពី២១៩ទៅ២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង​ឯណោះ៕