(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទនេះថាជប៉ុនមានគម្រោងទិញ យន្ដហោះចម្បាំងបំបាំងកាយ F-35​ ចំនួន១០៥គ្រឿង បន្ទាប់ពីលោកធ្លាប់បានស្នើជាច្រើនលើកឱ្យទីក្រុងតូក្យូ ទិញបរិក្ខាយោធាបន្ថែម ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅឯសន្និសីទសារព័ត៌មាន ដោយប្រកាសពីបំណងទិញ F-35 ១០៥គ្រឿងរបស់ជប៉ុនពីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិកគាំទ្រដល់កិច្ច​ខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការ បង្កើនសមត្ថភាពការពារជាតិ ហើយនារយៈពេលប៉ុន្មានខែមកនេះ យើងបានបញ្ជូនឱ្យពួកគេនូវបរិក្ខាយោធាដ៏ ច្រើនសន្ធឹកសន្ធាប់»

គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់លោក​ ដូណាល់ ត្រាំ ធ្វើឡើងនាឱកាសកំពុងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅក្នុងប្រទេសជប៉ុន ហើយដែលនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ស្អែកនេះ៕