(សេអ៊ូល)៖ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បាននិយាយថាការបោះបង់ចោលការធ្វើ តេស្ដមីស៊ីល គឺមានន័យស្មើនឹងការបោះបង់ចោលសិទ្ធិស្វ័យការពារខ្លួន ហើយមិនតែប៉ុណ្ណោះក៏បានចាត់ទុក ផងដែរថាទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton ជា«មនុស្សល្ងង់ខ្លៅ» ដែលថាការបាញ់សាកល្បង មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងបានរំលោភលើដំណោះស្រាយអង្គការសហប្រជាជាតិ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

KCNA ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេស កូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «លោក Bolton កំពុងបង្កបញ្ហាតាម រយៈការអះអាងថាការធ្វើសមយុទ្ធយោធាធម្មតារបស់យើង គឺជាទង្វើរំលោភលើដំណោះស្រាយនៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ តែផ្ទុយទៅវិញនេះគឺជារឿងល្ងង់ខ្លៅបំផុត...»។

គួរបញ្ជាក់ថា កាលពីដើមខែឧសភា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី២គ្រាប់ ហើយដែល នេះត្រូវបានលោក Bolton ចាត់ទុកថាជាទង្វើបង្កអសន្តិសុខ និងរំលោភលើដំណោះស្រាយ UN។ ប៉ុន្តែកាលពី ថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បាននិយាយថាវាគ្រាន់តែជាការធ្វើតេស្ដអាវុធតូចតាច និងមិនបានធ្វើឱ្យលោក ព្រួយបារម្ភឡើយ៕