(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណងរបស់លោក ដែលចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាលើកដំបូងដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

លោក អាបេ ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីជួបពិភាក្សាការងារជាមួយ លោក ដូណាល់ ត្រាំ ក្នុងទីក្រុងតូក្យូ។ បន្ថែមពីលើនេះ លោក ត្រាំ ផ្ទាល់ក៏បានបញ្ជាក់ដែរថា លោកនឹងធ្វើការងារជាមួយលោក អាបេ ស៊ីនហ្សូ ដើម្បីជួយដល់ពលរដ្ឋជប៉ុនច្រើននាក់ ដែលត្រូវបានទីភ្នាក់ងារកូរ៉េខាងជើងចាប់ពង្រត់ ត្រឡប់មកស្រុកវិញ។

គួរជម្រាបថា លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ក៏ធ្លាប់បង្ហាញពីបំណងចង់ជួបជាមួយលោក គីម ជុងអ៊ុនដែរ ប៉ុន្តែខាងកូរ៉េខាងជើងហាក់មិនបានយកចិត្តទុកដាក់អ្វីនោះឡើង។ បើតាមភាពជាក់ស្តែង ជប៉ុនមិនត្រឹមតែត្រូវការដោះលែងជនជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែការធ្វើតេស្តមីស៊ីលថ្មីៗរបស់កូរ៉េខាងជើង ក៏ជាការគំរាមកំហែងសន្តិសុខខ្លាំងបំផុតផងដែរ ខណៈជប៉ុនគឺជាដែនដីដែលកូរ៉េខាងជើង ធ្លាប់បាញ់មីស៊ីលហោះរំលងពីលើតែម្តង ដើម្បីសាកល្បងកាលពីឆ្នាំ២០១៧៕