(តូក្យូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានបញ្ជាក់ពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ នៅឯកិច្ចពិភាក្សាមួយក្នុងទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ ខណៈដែលមេដឹកនាំអាមេរិករូបនេះ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច ០៤ថ្ងៃក្នុងទឹកដីជប៉ុន។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅអំឡុងពេលចាប់ផ្ដើមកិច្ចពិភាក្សា លោក អាបេ បានប្រាប់លោក ដូណាល់ ត្រាំ ដោយរំពឹងថាដំណើរទស្សនកិច្ចរបស់លោក និងជំទាវទីមួយអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) គឺសាកសមទៅនឹងការចាប់ផ្ដើមនៃសករាជ រៃវ៉ា (Reiwa) នៃព្រះចៅអធិរាជប៉ុនថ្មីដែលទើបឡើងគ្រងរាជសម្បត្តិ។ លោក អាបេ បានបន្ថែមទៀតថា លោកចង់ប្រើឱកាសនេះដើម្បីបង្ហាញពីសម្ព័ន្ធភាពដ៏រឹងមាំរវាង សហរដ្ឋអាមេរិក និងជប៉ុន។

ជាការឆ្លើយតប លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកមានទំនាក់ទំនងល្អជាមួយលោក អាបេ ពោលគឺល្អដូចគ្នាទៅនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន។ ប៉ុន្តែ នៅពេលនិយាយដល់រឿងឱនភាពពាណិជ្ជកម្ម ប្រធានាធិបតីអាមេរិករូបនេះឱ្យដឹងថា ប្រទេសទាំងពីរអាចនឹងប្រកាសពីដំណឹងល្អមួយ នៅក្នុងខែសីហា ខាងមុខ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៤ថ្ងៃនៅក្នុងប្រទេសជប៉ុន ដែលនឹងបញ្ចប់នៅថ្ងៃអង្គារស្អែកនេះ ហើយបញ្ហាកូរ៉េខាងជើង ពាណិជ្ជកម្ម និងយោធា កំពុងក្លាយជារបៀបវារៈសំខាន់ ដែលត្រូវយកមកពិភាក្សា៕