(ឡុងដ៍)៖ គណបក្ស Brexit Party របស់លោក នីជែល ហ្វារ៉េជ (Nigel Farage) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ប៉ុន្តែជ័យជម្នះនេះត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យអ្នកនយោបាយអង់គ្លេសកាន់តែប្រេះឆាគ្នា ស្របពេលលោកស្រីនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉ាយ (Theresa May) បរាជ័យយកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

យោងតាមលទ្ធផលបឋមចេញផ្សាយដោយសារព័ត៌មានអង់គ្លេស BBC គណបក្ស Brexit Party របស់លោក Nigel Farage ទទួលបានសំឡេងគាំទ្រ ៣៣.៣ភាគរយ, គណបក្សសេរីប្រជាធិបតេយ្យ​ទទួលបានសំឡេង ២០.៩ភាគរយ រីឯគណបក្សអភិរក្សនិយមទទួលបានសំឡេងគាំទ្រ ៨.៨ភាគរយ ខណៈកាលពីឆ្នាំ២០១៤ គណបក្សមួយនេះទទួលសំឡេងគាំទ្ររហូតដល់ ២៤ភាគរយឯណោះ។

លោក Farage ដែលជាប់ឆ្នោតជាសមាជិកសភាអឺរ៉ុបមកពីតំបន់ South East ប្រទេសអង់គ្លេស បាននិយាយថា លោកចង់លូកដៃចូលក្នុងកិច្ចចរចា Brexit ព្រមជាមួយនិងការព្រមានផងដែរថា នយោបាយអង់គ្លេសនឹងនៅតែស្ថិតនៅក្នុងភាពចលាចល រហូតដល់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃទី៣១ ខែតុលា។

គួរជម្រាបថា សមាជិកសភាអឺរុបមានចំនួន ៧៥១រូប ប៉ុន្តែចំនួននេះ នឹងត្រូវបានកាត់បន្ថយមកនៅត្រឹម ៧០៥រូប នៅពេលដែលចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ អង់គ្លេសមានសមាជិកសភា ៧៣រូបនៅក្នុងសភាអឺរ៉ុប ហើយអ្នកទាំងនេះនឹងបាត់បង់ការងារ នៅពេលប្រទេសរបស់ពួកគេលែងលះជាមួយសហភាព អឺរ៉ុបជាផ្លូវការ៕