(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចនយោបាយអារ៉ាប់ លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមពិភាក្សាជាមួយបណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ឈូងសមុទ្រពែក។ ប៉ុន្តែលោកអះអាងថា អ៊ីរ៉ង់នឹងមិនចូលរួមចរចាដោយផ្ទាល់ ឬមិនផ្ទាល់ជាមួយ សហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

លោក Araghchi ធ្វើកត់សម្គាល់ពីគោលជំហររបស់អ៊ីរ៉ង់ ​ចំពោះសហរដ្ឋអាមេរិកដូចខាងលើនេះ បន្ទាប់ពីប្រទេសអូម៉ង់ ចង់ធ្វើជាអ្នកសម្របសម្រួលកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដើម្បីកុំឲ្យមានសង្គ្រាមឆាបឆេះក្នុងតំបន់មជ្ឈិមបូព៌ា ដែលនឹងនាំឲ្យ​គ្រប់គ្នាអន្តរាយ។ លោក Araghchi បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រោយបំពេញទស្សនកិច្ចនៅអូម៉ង់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត និងកាតាថែមទៀត។ គ្មានឡើយកិច្ចចរចាដោយផ្ទាល់ ឬមិនផ្ទាល់ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងតំបន់ឈូងសមុទ្រពែក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនអតីតមន្ត្រីយោធាជាន់ខ្ពស់អាមេរិកជាង ៧០រូប បានផ្ញើលិខិតចំហមួយទៅកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយជម្រុញឱ្យប្រធានាធិបតីអាមេរិករូបនេះ បញ្ចៀសសង្រ្គាមជាមួយអ៊ីរ៉ង់ដោយសង្កត់ធ្ងន់ថា វិធានការការទូតគឺជាជម្រើសដ៏ល្អបំផុត សម្រាប់ផលប្រយោជន៍អាមេរិក។ បន្ថែមពីនេះ​ប្រទេសអ៊ីរ៉ាក់ក៏បានបង្ហាញជំហរជំទាស់ចំពោះអាមេរិក ក្នុងការបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ផងដែរ ដោយប្រទេសនេះដឹងថា ខ្លួននឹងក្លាយជាប្រទេសរងគ្រោះធ្ងន់ជាងគេនៅមជ្ឈិមបូព៌ា៕