(វ៉ាស៊ីនតោន)៖ នៅក្នុងកិច្ចអត្ថាធិប្បាយ និងឆ្លើយឆ្លងព័ត៌មានខ្លីមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបតំរុយមួយថា លោកមើលឃើញបញ្ហា​ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន Huawei អាចនឹងត្រូវលើកយកមកដាក់លើតុចរចា រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ខណៈដែលលោកផ្ទាល់កន្លងមកតែងតែអះអាងថា Huawei ជាការគំរាមកំហែងដ៏អាក្រក់បំផុត ចំពោះសន្តិសុខជាតិអាមេរិកនោះ។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះធ្វើឲ្យគ្រប់គ្នាដឹងកាន់តែច្បាស់ថា Huawei ត្រូវបានចាប់ជាចំណាប់ខ្មាំងយ៉ាងពិតប្រាកដ ដើម្បីបង្ខំឲ្យប្រទេសចិនបង្ហាញ​ឥរិយាបទទន់ភ្លន់ជាងមុន ហើយចូលមកអង្គុយក្នុងតុ​ចរចាគ្នាវិញ ដែលត្រូវបានទទួលបរាជ័យនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្រោយការពិភាក្សាមិនត្រូវគ្នាយ៉ាងខ្លាំង​រវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាយក្ស​សេដ្ឋកិច្ចទាំងពីរ។

នៅក្នុងការលើកឡើងរបស់លោក ត្រាំ នោះត្រូវបានសង្កត់់ធ្ងន់យ៉ាងដូច្នេះថា «វាអាចទៅរួចថា Huawei នឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម... ប្រសិនបើខ្ញុំធ្វើកិច្ចព្រមព្រៀង ខ្ញុំអាចស្មានដឹងជាមុនថា Huawei ប្រាកដជានឹងត្រូវដាក់បញ្ចូល​ទៅក្នុងទម្រង់ ឬក៏ផ្នែកណាមួយនៃដំណោះស្រាយពាណិជ្ជកម្មមិនខាន...»។ ការលើកឡើង​របស់លោក ត្រាំ ហាក់ដូចជាចាប់ផ្តើមបញ្ច្រាសទៅហ្នឹងរបាយការណ៍កន្លងមក របស់មន្ត្រីសន្តិសុខជាតិ​​អាមេរិកខ្លួនឯងដែលជាអ្នករកឃើញថា Huawei គឺជាក្រុមហ៊ុនដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ​បំផុតទៅដល់សន្តិសុខសហរដ្ឋអាមេរិកទាំងមូល។

វាជាការបង្កមន្ទិលមួយសម្រាប់សាធារណមតិ ព្រោះនៅមុនការថ្លែងខាងលើនេះ លោក ត្រាំ បានព្រលះក្រុមហ៊ុន Huawei មួយប្រាវយ៉ាងខ្លីដូច្នេះថា «Huawei គឺជាអ្វីមួយដែល​គ្រោះថ្នាក់បំផុត... ចូរអ្នកសម្លឹងមើលលើអ្វី​ដែលពួកគេបានធ្វើរួចហើយទៅមើល ចាប់ពីទៅលើផ្នែកសន្តិសុខ និងយោធាយើងថែមទៀត... វាពិតជារឿងគ្រោះថ្នាក់ណាស់...»

ប៉ុន្តែក្រោយការបង្ហើបរបស់លោក អំពីវត្តមានបញ្ហា Huawei ដែលអាចកើតមានលើតុចរចានោះ លោក ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា៖ តើកិច្ចចរចាជុំវិញបញ្ហា Huawei នឹងមានលក្ខណៈបែបណា? ពេលនោះលោក ត្រាំ បានឆ្លើយតបវិញថា៖ «ប្រាកដណាស់ វាមើលទៅនឹងល្អណាស់សម្រាប់យើង...»។ អ្នកសារព័ត៌មានបានសួរបន្ថែមទៀតថា៖ តើលោកប្រធានាធិបតីនឹងរៀបចំដូចម្តេចចំពោះរឿងនេះ? ពេលនោះលោក ត្រាំ បានឆ្លើយតបទៅវិញថា៖ «វាដូចជាលឿនពេកក្នុងការនិយាយដូច្នេះ... ព្រោះយើងកំពុងព្រួយបារម្ភខ្លាំងណាស់អំពី Huawei ចាប់តាំងពីផ្នែកសន្តិសុខឡើងទៅ...»

ក្រុមអ្នកវិភាគលើសម្តីលោក ដូណាល់ ត្រាំ ខាងលើនេះបានបញ្ចេញមតិថា លោក ត្រាំ ហាក់បានផ្តល់សារ​ចំរុះក្នុងពេលតែមួយតែម្តង ពាក់ព័ន្ធនឹងបញ្ហា Huawei ដោយដំបូងឡើង​លោកចាត់ទុកថា Huawei ជាការគំរាមកំហែងធំបំផុតដល់សន្តិសុខជាតិ ហើយបន្ទាប់មកទៀត លោកក៏ទំនងជាចង់បង្ហាញថា សហរដ្ឋអាមេរិកអាចដកការរឹតបន្តឹងខ្លះលើ Huawei ដើម្បីឲ្យកិច្ចចរចា​ដោះស្រាយសង្គ្រាមពាណិជ្ជកម្មជាមួយចិន អាចសម្រេចបានផ្លែផ្កា។

ជាការពិតណាស់ ការលើកឡើងរបស់លោក ត្រាំ កាលពីថ្ងៃទី២៤ ខែឧសភា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) គឺកើតមានឡើងបន្ទាប់ពីការដាក់ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក ដែលប្រការនេះបានធ្វើឲ្យក្រុមហ៊ុនធំៗនៅ​អាមេរិកដូចជា Google, Microsoft និងក្រុមហ៊ុនធំៗមួយចំនួនទៀត នៅតាមបណ្តាសម្ព័ន្ធមិត្ត​អាមេរិកដែលទទួលសេវាកម្មពី Huawei និងផ្គង់ផ្គង់គ្រឿងបរិក្ខានានាដល់ Huawei នោះ ក៏ប្រកាសផ្អាកសកម្មភាពពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សចិននេះថែមទៀត។

គួរបញ្ជាក់ថា ទង្វើរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ខាងលើនេះ​ក៏បានទទួលប្រតិកម្ម និងការៗរិះគន់ខ្លាំងដែរពីបណ្តាអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ ពាក់ព័ន្ធទៅនឹងផលវិបាក និងការភ័យខ្លាចជុំវិញចំណាត់ការក្តៅ ដែលត្រូវបានគេមើលឃើញថា មានគោលដៅរារាំងការរីកចំរើនលឿនរបស់ Huawei ប៉ុន្តែវានឹងធ្វើឲ្យក្រុមហ៊ុនបរទេស​ផ្សេងទៀត ភ័យខ្លាចក្នុងការរកស៊ីជាមួយសហរដ្ឋអាមេរិក។ វិស័យនានានៅក្នុងសហរដ្ឋអាមេរិក ជាពិសេសគឺកសិកម្ម និងផលិតកម្ម កំពុងបង្ហាញការព្រួយបារម្ភចំពោះបញ្ហានេះខ្លាំងជាងគេ៕

ប្រភព៖ សារព័ត៌មានអាមេរិក CNBC (ដកស្រង់ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩)