(ប៉ាពួរ ញូហ្គីណេ)៖ នាយករដ្ឋមន្ត្រីប៉ាពួរ ញូហ្គីណេ លោក Peter O'Neill បានសម្រេចចិត្តលាលែងចេញពី តំណែងហើយ ក្រោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងជួររដ្ឋាភិបាលរបស់លោក រត់ទៅចុះចូលជាមួយ គណបក្សប្រឆាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក Peter O'Neill ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប៉ាពួរ ញូហ្គីណេ អស់រយៈពេលជាង ៧ឆ្នាំមកនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែង អស់រយៈពេលជាច្រើនសប្ដាហ៍ មកហើយដោយសារបញ្ហាជាច្រើន។ លោក O'Neill មានអាយុ៥៤ឆ្នាំ ក៏បានបញ្ជាក់ដែរថាលោកនឹងផ្ទេរ អំណាចឱ្យអតីតនាយករដ្ឋមន្ត្រីប៉ាពួរ ញូហ្គីណេ លោក Sir Julius Chan។

លោក O'Neill បន្ថែមដូច្នេះថា៖ «វាគឺជារឿងសំខាន់ណាស់ដែលយើងត្រូវរក្សាស្ថេរភាព...យើងបានលឺការ អំពាវនាវ ហើយយើងបានយល់ព្រមលើការផ្លាស់ប្ដូររដ្ឋាភិបាល»

គួរជម្រាបថា លោក Peter O'Neill បានទទួលរងសម្ពាធដោយសារបញ្ហាជាច្រើនក្នុងនោះរួមមានទាំង បញ្ហា ពាក់ព័ន្ធនឹងគម្រោងឧស្ម័នមានតម្លៃរាប់ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំ២០១៩ ជាមួយក្រុមហ៊ុនប្រេងបារាំង Total និងក្រុមហ៊ុនប្រេងអាមេរិក ExxonMobil៕