(បាងកក)៖ សភាតំណាងរាស្ត្រនៃប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានបោះឆ្នោតជំទាស់ទៅនឹង សំណើមួយរបស់គណបក្ស ផាឡាំង ប្រាឆារ៉ាត់ (Palang Pracharath) ឲ្យធ្វើការព្យារពេលរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានរដ្ឋសភា នៅក្នុងកំឡុងកិច្ចប្រជុំដំបូងនៃរដ្ឋសភា។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងចំណោមសមាជិកសភាដែលបានចូលរួមកិច្ចប្រជុំដំបូងទាំងអស់ ៤៩៦រូប សមាជិកសភា ២៤៨រូបបានបោះឆ្នោតជំទាស់សំណើរខាងលើនេះ ខណៈសមាជិកសភា ២៤៦រូបទៀតបោះឆ្នោតគាំទ្រ ហេតុដូច្នេះមានន័យថាសំណើខាងលើនេះ គឺមិនត្រូវបានអនុម័តនោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសមាជិកសភាមកពីគណបក្សផាឡាំង ប្រាឆារ៉ាត់ (Palang Pracharath) របស់លោក ប្រាយុទ្ធ ចាន់អូចា ចំនួន០៥រូបក៏បានចូលរួមបោះឆ្នោតជំទាស់ផងដែរ។

បន្ទាប់មកទៀតសភាតំណាងរាស្ត្រ ក៏បានចាប់ផ្តើមនីតិវិធីជ្រើសតាំងប្រធានសភា ដោយគណបក្ស Palang Pracharath សម្រេចជ្រើសតាំងសមាជិកមួយរបស់គណបក្ស ប្រជាធិបតេយ្យ និងជាអតីតនាយករដ្ឋមន្ត្រី គឺលោក ឈូន លីកផៃ (Chuan Leekpai) ធ្វើជាបេក្ខភាពប្រធានសភារង់ចាំការបោះឆ្នោតគាំទ្រ ខណៈគណបក្ស ប្រាឆាឆាត (Prachachart) ដែលមានសិទ្ធិក្នុងដំណើរការនេះ បានជ្រើសរើសសមាជិកមួយរូបមកពី គណបក្សភឿថៃ (Pheu Thai) និងជាអតីតឧបនាយករដ្ឋមន្ត្រីផងដែរ គឺលោក សំពង្ស អាម៉ុនវីវ៉ាត (Sompong Amornvivat) ជាបេក្ខភាពប្រធានសភាដូចគ្នា។

គួរបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានសភាថៃ ត្រូវបានគេអះអាងថា នឹងចេញនៅក្នុងពេលឆាប់ៗ។ បើតាមរដ្ឋធម្មនុញ្ញនៃប្រទេសថៃ ប្រធានរដ្ឋសភានឹងត្រូវមានតួនាទីក្នុងរៀបចំ ដំណើរការជាមួយនឹងព្រឹទ្ធសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅពេលឆាប់ៗខាងមុខ៕