(តូក្យូ)៖ ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កំពុងពិចារណាបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់នៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ ខណៈអន្តរជាតិកំពុងព្រួយបារម្ភពីភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើរបស់ទូរទស្សន៍ជប៉ុន NHK ធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយ​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងជួបពិភាក្សាការងារជាមួយលោក អាបេ និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono។

ក៏ប៉ុន្តែ បើតាម NHK ការសម្រេចចិត្តចុងក្រោយរបស់លោក អាបេ អាចនឹងអាស្រ័យលើកិច្ចពិភាក្សា ជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ មួយវិញទៀត បើសិនជាទស្សនកិច្ចនេះកើតឡើងមែន នោះលោក អាបេ នឹងក្លាយជា នាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុតដែលយកជើងជាន់ដីអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ១៩៧៨មក៕