(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ចេញកញ្ចប់ជំនួយថ្មីទំហំ១៦ពាន់លានដុល្លារ ដើម្បីជួយប្រជា កសិកររបស់ខ្លួន ដែលកំពុងបន្តរងគ្រោះដោយសារតែសង្រ្គាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែត ក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បានបន្ទោសថា ចិនកំពុងតែធ្វើបាបប្រជាកសិករអាមេរិក ដូច្នេះហើយ លោកបានសម្រេចបន្តផ្តល់ជំនួយថ្មី ទំហំ១៦ពាន់លានដុល្លារថែមទៀត នៅឆ្នាំនេះ ដើម្បីជួយដល់ពួកគេ។ បើតាម រដ្ឋមន្រ្តីកសិកម្មអាមេរិក លោក Sonny Perdue មួយចំណែកធំនៃកញ្ចប់ជំនួយនេះ នឹងត្រូវផ្តល់ឲ្យកសិករអាមេរិកដោយផ្ទាល់ រីឯ មួយចំណែកតូច នឹងត្រូវប្រើប្រាស់ដើម្បីទិញស្បៀងអាហារ ទុកសម្រាប់កម្មវិធីផ្តល់ជំនួយរបស់អាមេរិក។

គួរជម្រាបថា យុទ្ធសាស្រ្តសង្រ្គាមពន្ធរបស់ លោក ត្រាំ ជាពិសេសប្រឆាំងទៅនឹងប្រទេសចិន បានបង្កឲ្យមានចំណាត់ការពន្ធតប ត មកវិញពីសំណាក់ទីក្រុងប៉េកាំង ដែលមានគោលដៅវាយប្រហារលើ វិស័យកសិកម្មរបស់អាមេរិក ដោយក្នុងនោះ សណ្តែកសៀង និងសាច់ជ្រូកត្រូវធ្ងន់ជាងគេ។ តួយ៉ាងកាលពីឆ្នាំ២០១៨ ការនាំចេញសណ្តែកសៀងរបស់អាមេរិក ចូលទៅកាន់ចិន បានធ្លាក់ចុះ ដល់ទៅ៧៥ភាគរយ៕