(ហ៊ូស្តុន)៖ អាកាសចរណ៍អន្តរជាតិមកពី៣០ប្រទេសនិងតំបន់ បានជួបជាមួយក្រុមមន្រ្តីនៃរដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាសុវត្ថិភាព នៃត្រកូលយន្តហោះ 737 MAX របស់ក្រុមហ៊ុនផលិតយន្តហោះ​អាមេរិក Boeing។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

យោងតាមក្រុមអ្នកវិភាគផ្នែកឧស្សាហកម្មអាកាសចរណ៍ ជំនួបបិទទ្វារខាងលើ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍​នេះ នៅឯទីក្រុង Fort Worth នៃរដ្ឋតិចសាស់ មានសារសំខាន់ជាខ្លាំង សម្រាប់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរ FAA អាមេរិក ក្នុងការ​បញ្ចុះបញ្ចូលឲ្យអាជ្ញាធរអាកាសចរណ៍ដទៃទៀត នៅជុំវិញពិភពលោក ដកបម្រាមរបស់ពួកគេលើយន្តហោះ Boeing 737 MAX ចេញវិញ។

យ៉ាងណាមិញ អាជ្ញាធរអាកាសចរណ៍ FAA បានបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតឲ្យ Boeing 737 MAX ហោះហើរវិញឡើយ រហូត​ទាល់តែបញ្ហាសុវត្ថិភាពរបស់យន្តហោះនេះ អាចត្រូវបានធានាទាំងស្រុង។ រីឯ អាជ្ញាធរអាកាសចរណ៍អន្តរជាតិ ធ្លាប់បានបញ្ជាក់​ថា ពួកគេមានគម្រោងនឹងធ្វើការត្រួតពិនិត្យវាយតម្លៃដោយឯងផ្ទាល់ ទៅលើប្រព័ន្ធ Software គ្រប់គ្រងការហោះហើរ ដែល​ក្រុមហ៊ុន Boeing ទើបតែធ្វើការអាប់ដេត ហើយពួកគេក៏បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ដើម្បីឲ្យអាកាសយានិកទទួលការហ្វឹក​ហាត់​បន្ថែម​ផងដែរ។

គួរជម្រាបថា ប្រទេសជាច្រើនបានចាប់ផ្តើមផ្អាកប្រតិបត្តិការហោះហើរ របស់យន្តហោះ Boeing 737 MAX ក្រោយពី 737 MAX 8 មួយគ្រឿងរបស់អាកាសចរណ៍អេត្យូពី បានធ្លាក់កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ និងសម្លាប់ជីវិតមនុស្ស១៥៧នាក់ ដោយវាគឺជា​ករណីធ្លាក់ជាលើកទីពីរនៃយន្តហោះស៊េរីថ្មីនេះ បន្ទាប់ពី Boeing 737 MAX 8 មួយគ្រឿងទៀត របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air បានធ្លាក់កាលពីខែតុលា ឆ្នាំ២០១៨ ហើយផ្តាច់យកជីវិតមនុស្សទាំងអស់ខ្ទង់រយនាក់ដូចគ្នា៕