(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times ​បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងលក់អាវុធមានតម្លៃជាង៧ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់ ដោយមិនចាំបាច់សភាអនុម័ត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

ផ្អែកលើប្រភពដែលខ្លួនទទួលបាន New York Times ​បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមន្ត្រីក្រសួងការបរទេសអាមេរិកជាច្រើននាក់ កំពុងជំរុញឱ្យរដ្ឋបាលលោក ត្រាំ ដាក់ចេញនូវវិធានការផ្គត់ផ្គង់ជាបន្ទាន់មួយ ដើម្បីអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ ផ្ទាល់អាចបង្កា ឬរារាំង សភាពីការលុបចោលគម្រោងលក់អាវុធ។

ប៉ុន្តែទន្ទឹមគ្នា សេចក្ដីរាយការណ៍ពីគម្រោងលក់អាវុធនេះ បានបង្កឱ្យអ្នកនយោបាយបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋជាច្រើននាក់ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែពួកគេព្រួយបារម្ភខ្លាចក្រែងអាវុធអាមេរិក ត្រូវបានយកទៅប្រើប្រាស់ក្នុងសង្រ្គាមបង្ហូរឈាមនៅយ៉េមែន។

គួរបញ្ជាក់ថា ការចេញផ្សាយខាងលើរបស់ New York Times កើតមានឡើងនៅចំពេលដែល សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់ ក្រោយក្រុមមន្ត្រីនៃប្រទេសទាំង២ បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង៤គ្រឿង ក្នុងនោះមាន២គ្រឿងជាកម្មសិទ្ធិរបស់អារ៉ាប៊ីសាអូឌីត នៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ៕