(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កៅ ហ្វេង (Gao Feng) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា សហរដ្ឋអាមេរិកគួរតែប្រកាន់ភ្ជាប់នូវ អាកប្បកិរិយាប្រកបដោយហេតុផល ព្រមទាំងកែតម្រូវសកម្មភាពដ៍មានគ្រោះថ្នាក់របស់ខ្លួន នាពេលបច្ចុប្បន្ននេះជាមុនសិន ទើបអាចចូលមកចរចាដោះស្រាយជម្លោះពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំងបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មចិន បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ចាត់បញ្ចូលក្រុមហ៊ុនចិន Huawei និងក្រុមហ៊ុនជាសាខាជាង ៧០ ទៀតទៅក្នុងបញ្ជីខ្មៅ ដែលត្រូវរឹតត្បិតសកម្មភាពនៅក្នុងសហរដ្ឋអាមេរិក ដោយសារព្រួយបារម្ភពីសន្តិសុខជាតិ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនដោយផ្អែកលើហេតុផលសន្តិសុខជាតិនេះ ក៏បានជំរុញឱ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសគឺបណ្តាញ 5G របស់ Huawei ថែមទៀតផង។ ពាក់ព័ន្ធនឹងរឿង Huawei នេះដែរលោក Gao Feng ក៏បានបញ្ជាក់ដែរថា ចិនបានដាក់ពាក្យតវ៉ាទៅកាន់សហរដ្ឋអាមេរិករួចរាល់ហើយ។

គួរបញ្ជាក់ថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ផ្ទុះឡើងជាថ្មីក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដំឡើងពន្ធលើ ផលិតផលនាំចូលពីចិន មានតម្លៃ ២០០ពាន់លានដុល្លារ ខណៈទីក្រុងប៉េកាំង សងសឹកវិញជាមួយការដំឡើងពន្ធលើផលិតផលអាមេរិក មានតម្លៃ ៦០ពាន់លានដុល្លារ។ ការផ្ទុះកម្តៅឡើងវិញដែលមិនធ្លាប់ចាប់តាំងពីកិច្ចព្រមព្រៀង ផ្អាកសង្គ្រាមពាណិជ្ជកម្មកាលពី ចុងខែធ្នូ ឆ្នាំ២០១៨ នៅះបានកើតមានឡើងក្រោយពីបរាជ័យ នៃកិច្ចចរចាដោះស្រាយវិវាទ ពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងនៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន៕