(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ក្នុងប្រទេសចិន រួមមាន Air China, China Southern Airlines, និង China Eastern Airlines បាន​ឲ្យដឹងថា ពួកគេកំពុងព្យាយាមទាមទារសំណងពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការផ្អាកប្រតិបត្តិការត្រូកូលយន្តហោះ 737 MAX ក្រោយមានហេតុការណ៍ធ្លាក់យន្តហោះស៊េរីថ្មីនេះ យ៉ាងប្រល័យដល់ទៅពីរ​ករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

អាកាសចរណ៍ធំៗទាំង០៣ខាងលើ កាលពីឆ្នាំ២០១៨ ទទួលបន្ទុកដឹកជញ្ជូនអ្នកដំណើរប្រមាណជា៦៥ភាគរយ នៃអ្នកដំណើរតាម​ជើងយន្តហោះទាំងអស់ នៅក្នុងប្រទេសចិនទាំងមូល ហើយសរុបចូលគ្នា អាកាសចរណ៍ Air China, China Southern Airlines, និង China Eastern Airlines មានយន្តហោះ Boeing 737 MAX ចំនួន៥៣គ្រឿង ក្នុងចំណោម 737 MAX ទាំង៩៦គ្រឿង ដែលកំពុងផ្អាក​ប្រតិបត្តិការនៅចិន។

គួរជម្រាបថា ចិនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានផ្អាប្រតិបត្តិការហោះហើរនៃយន្តហោះ Boeing 737 MAX ទាំងអស់ ក្រោយ​​កើតមានការធ្លាក់យន្តហោះនេះ នៅប្រទេសអេត្យូពី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្ស១៥៧នាក់។ រីឯ​​កាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះ 737 MAX មួយគ្រឿងទៀត របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air បានធ្លាក់ចូលទៅ​ក្នុងសមុទ្រជ្វា អំឡុងជើងហោះហើរក្នុងស្រុកមួយ ក្រោយហោះឡើងបានប៉ុន្មាននាទីប៉ុណ្ណោះ។ ជាលទ្ធផលមនុស្ស១៨៩នាក់ ក៏បានបាត់បង់ជីវិត៕