(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Cui Tainkai បាននិយាយថា ទីក្រុងប៉េកាំង នៅតែត្រៀមលក្ខណៈរួចជា​ស្រេច ក្នុងការបន្តកិច្ចចរចាឡើងវិញ ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដំណោះស្រាយ ដែលឈានទៅរកការបញ្ចប់សង្រ្គាម​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

តាមរយៈបទសម្ភាសន៍មួយ ជាមួយសារព័ត៌មានអាមេរិក Fox News លោក Cui បាននិយាយថា ចិននៅតែបើកទ្វារចំហរង់​ចាំ ការ​ចាប់ផ្តើមកិច្ចចរចាឡើងវិញ ជាមួយភាគីអាមេរិក ដែលសំដៅឈានឲ្យដល់កិច្ចព្រមព្រៀងគ្នាមួយ ដើម្បីបិទបញ្ចប់នូវបញ្ហាទំនាស់​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ នា​ពេលបច្ចុប្បន្ន»។

គួរជម្រាបថា ចាប់តាំងពីកិច្ចចរចាលើកចុងក្រោយគេ បានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វី កាលពីថ្ងៃទី១០ ខែឧសភានេះ មិនមាន​ការកំណត់រៀបចំនូវកិច្ចចរចាបន្តទៀតឡើយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នាពេលនោះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអនុវត្តន៍ការដំឡើងពន្ធលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ រីឯចិន ក៏បានប្រកាសថានឹង​បង្កើនពន្ធទៅលើទំនិញអាមេរិកវិញទំហំ៦០ពាន់លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខតទៅផងដែរ៕