(ឡុងដ៍)៖ អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសម្នាក់ឈ្មោះ ប្រ៊ីយ៉ាន ខក់ (Brian Cox) បានលើកឡើងថា ភពព្រះអង្គារ (Mars) ប្រហែលជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកយើង នៅពេលដែលផែនដីលែងអាចរស់នៅបានតទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

លោក Cox ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យមែនឆេស្ទឺ (University of Manchaester) បានលើកឡើងដូច្នេះថា «ពុំមានកន្លែងផ្សេងទៀត ដែលមនុស្សអាចធ្វើទៅចាប់ផ្តើមអនាគតថ្មី នៅពេលផែនដីលែងអាចរស់នៅបានទៀត ក្រៅតែពីភពអង្គារឡើយ។ ប្រសិនបើយើងគិតពីភពដទៃ គឺពុំមានភពណាមួយដែលយើងអាចចុះទៅជាន់បានឡើយ»

លោក Cox បានបន្តថា ថ្ងៃណាមួយមនុស្សលោកយើង ច្បាស់ជានឹងត្រូវចាកចេញពីភពមួយនេះ ព្រោះពួកយើងមិនអាចស្ថិតនៅ ទីនេះបានជារៀងរហូតឡើយ។ បើតាមអ្នកវិទ្យាសាស្រ្តរូបនេះ ភពអង្គារព្រមទាំងភពសុក្រ (Venus) និងសូម្បីតែភពពុធ (Mercury) ប្រហែលធ្លាប់ជាភពជិតខាងពណ៌ខៀវ របស់ផែនដីយើង ដោយភពទាំងបីនេះទំនងជាធ្លាប់មានមហាសមុទ្រ និងទន្លេបឹងបួរ នៅលើផ្ទៃរបស់ពួកវាផងដែរកាលពីរាប់ពាន់លានឆ្នាំមុន។

គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដី ដូចជានៅទីភ្នាក់ងារអវកាសអាមេរិក NASA ជាដើមកំពុងតែខិតខំប្រឹងប្រែង ដើម្បីបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារជាលើកដំបូង ប៉ុន្តែបញ្ហានៅពេលនេះ ដែលចោទឡើងធំបំផុតនោះគឺអង្គការ NASA កាន់តែខ្វះខាត ថវិកាក្នុងការសម្រេចគំរោងថ្មីៗ ខណៈក្រុមហ៊ុនឯកជនអាមេរិកមួយចំនួនដូចជា SpaceX និង Blue Origin ជាដើមបាននិងកំពុងស្ទុះឡើងខ្ពស់លើវិស័យអភិវឌ្ឍន៍ទៅកាន់ទីអវកាស ប៉ុន្តែស្ថិតនៅក្នុងការរកស៊ី ជាជាងការបង្កើតរបកគំហើញនៅទីអវកាសដូចដែល NASA និងអង្គការរដ្ឋផ្សេងៗទៀតធ្លាប់បានធ្វើ៕