(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសជ្រើសតាំងលោកស្រី បាបារ៉ា បារ៉េត (Barbara Barrett) ជាបេក្ខភាពដើម្បីក្លាយជា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងស្ថាប័នកងទ័ពអាកាស ចំណុះឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលនឹងត្រូវទទួលបានការអនុម័តពីព្រឹទ្ធសភាជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះនៅក្នុងគណនីបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកយ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីរីករាយជម្រាបជូនអ្នកទាំងអស់គ្នា អំពីការជ្រើសតាំងលោកស្រី Barbara Barrett មកពីរដ្ឋអារីហ្សូណា (Arizona) ជាអតីតនាយកក្រុមហ៊ុន Aerospace Corporation ដើម្បីឡើងកាន់តំណែងជា អគ្គមេបញ្ជាការថ្មីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ប្រសិនបើព្រឹទ្ធសភាអនុម័តទទួលស្គាល់បេក្ខភាពដែលលោក ដូណាល់ ត្រាំ បញ្ជូនទៅនោះលោកស្រី Barrett នឹងត្រូវឡើងទៅជំនួសតំណែងមន្ត្រីទទួលបន្ទុកទីបញ្ជាការទ័ពអាកាស អាមេរិកបច្ចុប្បន្នគឺលោកស្រី ហ៊ីធើ វាលសុន (Heather Wilson) ដែលត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងនៅក្នុងខែឧសភានេះតែម្តង ហើយលោកស្រីក៏នឹងទៅកាន់តំណែង ជានាយកសាកលវិទ្យាល័យតិចសាស់ នៅទីក្រុង អ៊ែល ផាសូ (El Paso) ផងដែរ។ លោកស្រី Wilson បានចាត់ទុកការតែងតាំងលោកស្រី Barrett ជាជម្រើសដ៏សាកសមបំផុត៕