(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្រ្តីការពារជាតិប៊ុលហ្គារីលោក ក្រាស៊ីមៀ ការ៉ាកាឆាណូវ (Krasimir Karakachanov) បាននិយាយថា តម្លៃលក់នៃយន្តហោះចម្បាំងអាមេរិក F-16 គឺហាក់ដូចជាខ្ពស់ហួសហេតុពេកហើយដែលប្រការនេះអាចនឹងធ្វើ ឲ្យប្រទេសប៊ុលហ្គារី ងាកទៅរកទិញយន្តហោះចម្បាំងពីប្រទេសផ្សេងវិញ៕

២៖ ប៉ូលិសនូវែលសេឡង់ បានឱ្យដឹងថាបុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្ស៥១នាក់ នៅឯវិហារ អ៊ីស្លាមក្នុងទីក្រុង Christchurch ត្រូវបានចោទប្រកាន់ជាផ្លូវការហើយនៅថ្ងៃអង្គារនេះពីបទភេរវកម្ម៕

៣៖ បិតាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គឺលោក រិន ចេងហ្វ៊ៃ (Ren Zhengfei) បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកកំពុងតែមើលស្រាលលើ សមត្ថភាព ក្រុមហ៊ុនរបស់លោកតាមរយៈការកត់ ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅ និងការដកអាជ្ញាប័ណ្ណពីសំណាក់ Google នោះ៕

៤៖ លទ្ធផលបោះឆ្នោតផ្លូវការចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាលោក Joko Widodo ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដែលនេះមានន័យថាលោកនឹងបន្តកាន់តំណែងជា ប្រធានាធិបតីឥណ្ឌណេស៊ីសម្រាប់អណត្តិទី២ជាប់ៗគ្នា៕

៥៖ គិតមកទល់ពេលនេះ មនុស្សសរុបចំនួន៥១០នាក់ហើយ បានបាត់បង់ជីវិត និងប្រមាណ២,៤៦៧នាក់ បានរងរបួស នៅ ក្នុង ការបន្តប្រយុទ្ធគ្នានៅឯទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី៕

៦៖ វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើឱ្យសភាជាតិដឹកនាំគណបក្សប្រឆាំងរៀបចំការបោះ ឆ្នោតមុនអណត្តិមួយតាមបែបប្រជាធិបតេយ្យ ខណៈមានព័ត៌មានជាច្រើនរាយការណ៍ថាមន្ត្រីរដ្ឋាភិបាលទីក្រុង ការ៉ាកាស់ និងមន្ត្រីបក្សប្រឆាំងបានជួបប្រជុំគ្នាក្នុងទីក្រុង Oslo ប្រទេសន័រវែស៕