(ឡុងដ៍)៖ កងទ័ពជើងទឹកអង់គ្លេសបានចេញផ្សាយវីដេអូមួយ បង្ហាញពីសកម្មភាពនាវាពិឃាត HMS Defender ធ្វើតេស្ដបាញ់មីស៊ីល Sea Viper system ដោយជោគជ័យ នៅអំឡុងចូលរួមធ្វើសមយុទ្ធយោធារបស់អង្គការណាតូ នៅឯឆ្នេរសមុទ្រនៃប្រទេសស្កុតឡែន កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមលោកមេបញ្ជាការ ដាញែល លី (Daniel Lee) ការធ្វើតេស្ដបាញ់មីស៊ីលចេញពីនាវាពិឃាតនេះ កាន់តែបង្កើនសមត្ថភាពកងនាវាអង់គ្លេស ក្នុងការធ្វើបេសកកម្ម និងឆ្លើយតបទៅនឹងគំរាមកំហែងណាមួយ។ ដោយឡែក បើតាមវីដេអូខាងលើដដែល នាវាពិឃាត HMS Defender បានបាញ់មីស៊ីល Sea Viper កម្ទេចយន្ដហោះដ្រូន ដែលត្រូវបានកំណត់ជាគោលដៅសត្រូវដោយជោគជ័យ។ មិនតែប៉ុណ្ណោះ មីស៊ីលនេះអាចហោះបានក្នុងល្បឿនលឿនជាងសំឡេង ០៤ដងផងដែរ៕