(ប៊ុលហ្គារី)៖ រដ្ឋមន្រ្តីការពារជាតិប៊ុលហ្គារីលោក ក្រាស៊ីមៀ ការ៉ាកាឆាណូវ (Krasimir Karakachanov) បាននិយាយថា តម្លៃលក់នៃយន្តហោះចម្បាំងអាមេរិក F-16 គឺហាក់ដូចជាខ្ពស់ហួសហេតុពេកហើយ ដែលប្រការនេះអាចនឹងធ្វើឲ្យប្រទេសប៊ុលហ្គារី ងាកទៅរកទិញយន្តហោះចម្បាំងពីប្រទេសផ្សេងវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

លោក Karakachanov បានបង្ហាញការយល់ឃើញបែបនេះ នៅក្រោយការជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញកិច្ចចរចាទិញយន្តហោះចម្បាំង F-16 Block របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន ៧០គ្រឿង។ ដោយសារបញ្ហាតម្លៃ ប៊ុលហ្គារីអាចនឹងបញ្ឈប់ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ហើយងាកទៅរកទិញយន្តហោះចម្បាំងថ្មីពី ស៊ុយអែត ឬក៏អ៊ីតាលីវិញ។

គួរជម្រាបថា យ៉ាងណាមិញលោក Karakachanov មិនបានបញ្ជាក់ថា តម្លៃដែលភាគអាមេរិកបានស្នើដើម្បីលក់ឡើយ ប៉ុន្តែខាងប៊ុលហ្គារីធ្លាប់បានគូសបញ្ជាក់ថា ការទិញយន្តហោះចម្បាំងអាមេរិក F-16 ទាំង ៧០គ្រឿងអាចចំណាយខ្ទង់ ៨៥៩លានដុល្លារ។ ជាទូទៅយន្តហោះចម្បាំង F-16 មួយគ្រៀង មានតម្លៃចន្លោះពី ១៤ ទៅ ១៨លានដុល្លារ៕