(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថាសហរដ្ឋអាមេរិកធា្លប់បានស្នើសុំចរចាជាមួយ អ៊ីរ៉ង់ចំនួន៨ដង ប៉ុន្តែលោកបានច្រានចោលដោយសំអាងថាស្ថានភាពបច្ចុប្បន្នមិនមែនជាពេលវេលាស័ក្តិសមត្រូវ អង្គុយចរចាគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «នៅក្នុង ដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន មានមេដឹកនាំពិភពលោកល្បីៗ៥នាក់ មានបំណង សម្របសម្រួលកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់។​ ចំណែកឯ ក្រសួងការបរទេសអាមេរិកក៏បានបញ្ជូនសំណើមក ពួកយើងដល់ទី៨ដងផងដែរ ប៉ុន្តែយើងដឹងថាបច្ចុប្បន្នមិនមែនជាពេលត្រូវចរចគ្នាឡើយ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក រូហានី កើតមានឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ អះអាងថាកិច្ចចរចាជាមួយអ៊ីរ៉ង់ អាចនឹងធ្វើទៅបានបើទីក្រុងតេហេរ៉ង់ត្រៀមខ្លួនរួចរាល់។ ប៉ុន្តែទន្ទឹមគ្នា លោកក៏បាន ព្រមានដែរថាអ៊ីរ៉ង់នឹងខ្ទេចខ្ទីក្លាយជាផេះ បើហ៊ានធ្វើសង្រ្គាមជាមួយអាមេរិក៕