(ប៉េកាំង)៖ ក្រោយការដកអាជ្ញាប័ណ្ណនៃការប្រើប្រព័ន្ធប្រតិបត្តិការ (OS) Android ពីសំណាក់ក្រុមហ៊ុនអាមេរិក Google ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា រាល់ទូរស័ព្ទដៃ និង Tablet ទាំងអស់របស់ Huawei ក៏ដូចជា Honor ដែលមានវត្តមានរួចហើយក្នុងទីផ្សារសកលនាពេលបច្ចុប្បន្ន នឹងបន្តទទួលបានការអាប់ដេតផ្នែកសន្តិសុខ ព្រមទាំងសេវាផ្សេងៗទៀតដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Verge នៅរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍របស់ Huawei បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Huawei បានចូលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍ ក៏ដូចជាភាពរីកចម្រើននៃប្រព័ន្ធប្រតិបត្តិការ Android នៅជុំវិញពិភពលោក។ ក្នុងនាមជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់ Android យើង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធប្រតិបត្តិការ (OS) បែបបើកទូលាយបំផុតនេះ ដើម្បីបង្កើតនូវសហគមន៍មួយ ដែលផ្តល់អត្ថប្រយោជន៍ទាំងសម្រាប់អ្នកប្រើប្រាស់ និងសម្រាប់ Android ផ្ទាល់»

សេចក្តីថ្លែងការណ៍ខាងលើបានបន្តទៀតថា «ក្រុមហ៊ុន Huawei នឹងបន្តផ្តល់ការអាប់ដេត ផ្នែកសន្តិសុខ និងសេវាកម្មឯទៀតៗសម្រាប់ស្មាតហ្វូន និង Tablet ទាំងអស់របស់ Huawei ព្រមទាំង Honor ដែលមានវត្តមានក្នុងទីផ្សារជុំវិញពិភពលោក នាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះពួកយើងនឹងបន្តកសាងនូវសហគមន៍ Software មួយ ដែលមានសុវត្ថិភាព និងប្រកបដោយនិរន្តរភាព ដើម្បីផ្តល់បទពិសោធន៍ដ៏ល្អបំផុត ដល់អ្នកប្រើប្រាស់ទាំងអស់នៅទូទាំងសកលលោក។

ទាក់ទងនឹងការដកអាជ្ញាប័ណ្ណ Android ក្រុមហ៊ុន Google បានប្រាប់ថា អ្នកប្រើប្រាស់ស្មាតហ្វូន Huawei បច្ចុប្បន្ននឹងនៅតែអាចប្រើប្រាស់កម្មវិធី Play Store និងបន្តទទួលបានការអាប់ដេតនៃកម្មវិធីផ្សេងៗបាន ប៉ុន្តែនឹងមិនអាចទទួលបានការអាប់ដេត តទៅមុខទៀតនៃប្រព័ន្ធប្រតិបត្តិការ Android (ឧទាហរណ៍ Android Q) ពី Google នោះឡើយ រហូតទាល់តែសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន អាចត្រូវដោះស្រាយបាន ព្រោះបញ្ហានេះហើយ គឺជាដើមចមដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិក កត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅនាពេលថ្មីៗនេះ។

យ៉ាងណាមិញ Huawei ផ្ទាល់ក៏បានសម្ងំអភិវឌ្ឍន៍ផែនការ B ដើម្បីត្រៀមសម្រាប់ហានិភ័យនាថ្ងៃណាមួយ គឺនៅពេលដែលខ្លួនអាចនឹងបាត់បង់សិទ្ធិប្រើ Software របស់ក្រុមហ៊ុនអាមេរិកដូចជា Google និង Microsoft ជាដើម ដោយ Huawei បាននិងកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឯងផ្ទាល់ ដើម្បីជំនួស Android ដែលអាចមានឈ្មោះមិនទាន់ផ្លូវការថា Hongmeng OS ប៉ុន្តែក្រុមហ៊ុនមិនទាន់មានការបញ្ជាក់អ្វីជុំវិញរឿងនេះនៅឡើយទេ៕