(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានហៅលោក ដូណាល់ ត្រាំ ថា «ប្រធានាធិបតីឡប់សតិ» បន្ទាប់ពីលោកបានគំរាមកម្ទេចអ៊ីរ៉ង់ឱ្យកា្លយជាផេះ បើសិនជាហ៊ានបើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

លោក ហូស្សេន អាមែរ អាបដូល្លាហ៊ីយ៉ាន (Hossein Amir-Abdollahian) ដែលជានាយកទទួលបន្ទុកកិច្ចការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ បែបនេះប្រាប់សារព័ត៌មាន CNN នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Amir-Abdollahian បានលើកឡើងដូច្នេះថា «តាំ្រ គឺជាមនុស្សឡប់សតិ ហើយរដ្ឋបាលរបស់លោក គឺជារដ្ឋបាលរញ៉េរញ៉ៃ... ហើយនៅក្នុងគំនិតរបស់លោក ត្រាំ គិតថា ខ្លួនបានយកកាំភ្លើងមផ្ជង់ក្បាលអ៊ីរ៉ង់ ដោយការដាក់ទណ្ឌកម្មក្នុងគោលដៅ ខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់។ ម្យ៉ាងវិញទៀត ថ្ងៃមុនលោកចង់ចរចា តែថ្ងៃនេះលោកបែរជាគំរាមកម្ទេចអ៊ីរ៉ង់... ដូច្នេះតើលោកមិនមែនជាមនុស្សឡប់សតិទេឬ?»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែកាលពីថ្ងៃចន្ទលោកបានព្រមានជាថ្មីថា អ៊ីរ៉ង់នឹងត្រូវខ្ទេចខ្ទីដូចជាផេះ បើសិនជាហ៊ានបើកការវាយប្រហារលើសហរដ្ឋអាមេរិក ខណៈដែលសព្វាវុធអាមេរិក គ្រប់ប្រភេទរួមមាន យន្តហោះចម្បាំង-ទម្លាក់គ្រាប់បែក នាវាដឹកយន្តហោះចម្បាំង-ចម្បាំង និងប្រព័ន្ធការពារមីស៊ីលជាដើម ត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ារួចរាល់៕