(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និយាយថា លោកនឹងលះបង់ពេលវេលាមួយជីវិតរបស់ លោក ដើម្បីបម្រើនិងការពារប្រជាជនវេណេស៊ុយអេឡា ក្នុងឱកាសអបអរខួប០១ឆ្នាំ នៃការជាប់ឆ្នោតសម្រាប់អាណត្តិទីពីរ ព្រោះព្រះជាម្ចាស់បានការពារលោកកាលពីឆ្នាំមុន ដើម្បីឲ្យលោកអាចធ្វើយ៉ាងដូច្នោះបាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា «តើអ្នកនៅចាំទេថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំមុន មានការប៉ុនប៉ងធ្វើឃាតខ្ញុំ ដោយឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ? តើអ្នកណាបានការពារខ្ញុំនៅពេលនោះ? គឺព្រះជាម្ចាស់របស់ ពួកយើង។ ទ្រង់បានអនុញ្ញាតឲ្យរូបខ្ញុំរួចផុតជីវិតដើម្បីធ្វើរឿងអ្វីម៉្យាង ហើយខ្ញុំក៏ដឹងថាហេតុអ្វីដែរ គឺដើម្បីលះបង់ពេលវេលាមួយ ជីវិត របស់ខ្ញុំ ទៅបម្រើប្រជាជនវេណេស៊ុយអេឡា និងកសាងវិបុលភាពសម្រាប់ប្រទេសយើង»

គួរជម្រាបថា នៅថ្ងៃចន្ទសប្តាហ៍នេះ គឺបានមួយឆ្នាំហើយ ចាប់តាំងពីលោក ម៉ាឌូរ៉ូ បានបន្តជាប់ឆ្នោតជាប្រធានាធិបតីវេណេស៊ុយ អេឡាសម្រាប់អាណត្តិទីពីរ។ ប្រទេសវេណេស៊ុយអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ជ្រៅ កាលពីខែមករា ដើមឆ្នាំនេះ ក្រោយ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានប្រកាសលើកខ្លួនឯងជា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយ ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន៕