(ទ្រីប៉ូលី)៖ គិតមកទល់ពេលនេះ មនុស្សសរុបចំនួន៥១០នាក់ហើយ បានបាត់បង់ជីវិត និងប្រមាណ២,៤៦៧នាក់ បានរងរបួស នៅ ក្នុង ការបន្តប្រយុទ្ធគ្នានៅឯទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោក WHO នាថ្ងៃចន្ទសប្តាហ៍នេះ តួលេខនៃមនុស្សស្លាប់ ដោយសារតែការផ្ទុះជម្លោះប្រដាប់អាវុធ ក្នុងទីក្រុងទ្រីប៉ូលី និងនៅតាមបរិវេណជុំវិញនោះ នៅតែបន្តកើនឡើងឥតឈប់ឈរ។ គិត ត្រឹមថ្ងៃទី១៩ ខែឧសភានេះ មនុស្សសរុបចំនួន៥១០នាក់ បានបាត់បង់ជីវិត និង២,៤៦៧នាក់ បានទទួលរងរបួស។

គួរជម្រាបថា ការប្រយុទ្ធគ្នាខាងលើ បានចាប់ផ្តើមឡើងកាលពីដើមខែមេសាកន្លងទៅ នៅពេលដែលមេទ័ព លោក Khalifa Haftar ដែលគ្រប់គ្រងលីប៊ីភាគខាងកើត បានដឹកនាំប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ជាទីដែល ជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ី នៅភាគខាងលិចប្រទេស។ ចាប់តាំងពីរបបអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi បានដួលរលំ នៅឆ្នាំ២០១១មក ប្រទេសលីប៊ី បានបន្តស្ថិតក្នុងអស្ថិរភាព និងអសន្តិសុខរហូតមកទល់បច្ចុប្បន្ន ដោយពុំអាចបង្កើត រដ្ឋាភិបាលរួបរួមគ្នាមួយបានឡើយ៕